អុញ! ជិះឡាន មកលួច ស្រាបៀរ

បន្ទាយមានជ័យ​៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ​ និងទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ សុខ​ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ​ចំនួន០២នាក់ នៅវេលាម៉ោង១៧ និង៥៥នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ១.ឈ្មោះ ខា យូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២.ឈ្មោះ​ ហ៉ិន លីណា ភេទប្រុស អាយុ៣៨​ឆ្នាំ​ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី​ លួច (ស្រាបៀរ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែមីនា និងថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០២៤ នៅក្នុងក្រុងសិរីសោភ័​ណ។

ព្រមទាំងចាប់យកវត្ថុតាងរួមមាន​៖

១. រថយន្ត១គ្រឿងម៉ាក TOYOTA HIGH LANDER ពណ៌មាស ផលិតឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2AK-9342 ដែលជារបស់ជនសង្ស័យជិះធ្វេីសកម្មភាព),​

២.ស្រាបៀរ​ ABC​ ចំនួន០៣កេស,

៣.ស្រាបៀរហ្គេនស្បឺក​ ចំនួន០១កេស(ប្រគល់ឱ្យជនរងគ្រោះវិញ),​

៤.ទូរសព្ទម៉ាកTECNOSPARK​ចំនួន០១គ្រឿង,​ ៥.ម្សៅក្រាម ពណ៌សថ្លាចំនួន០១កូនថង់កិប។
លោកវរសេនីយ៍ត្រី​ សុខ​ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ ក្នុងពាក្យបណ្ដឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា នៅវេលាម៉ោង១៤ និង៥០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានជនសង្ស័យ ចំនួន០២នាក់​ បានប្រើល្បិច ដោយចូលទៅកម្មង់ទិញស្រាបៀរ ពីជនរងគ្រោះ ជាច្រើនកេស ហើយជនរងគ្រោះលើកស្រាបៀរដាក់លើរថយន្តរួច ស្រាប់តែជនសង្ស័យបើករថយន្តគេចខ្លួនតែម្តង។

លោកវរសេនីយត្រី សុខ ឡេង បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ជនសង្ស័យ​ទាំង២នាក់ បានឆ្លើយសារ​ភាពថា​ ខ្លួនពិតជាបានយកស្រាបៀរដោយមិនបានឱ្យបា្រក់ពិតប្រាកដមែន ហើយកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ពួកខ្លួនក៏បានប្រេីល្បិចទិញស្រាបៀរ អ្នកភូមិចំនួន០៨កេស ហេីយបានជិះរថយន្តគេចខ្លួនម្ដងដែរ។

លោកវរសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់កម្លាំងជំនាញធ្វើតេស្ដរកសារថាតុញៀនឃើញថាវិជ្ជមានផងដែរ។

ដោយផ្អែកលេីចម្លេីយសារភាព​ និងវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាមនីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close