ករណី រថយន្តធុនធំ ចុចស៊ីផ្លេ បង្កភាព អនាធិបតេយ្យ គ្មានសណ្ដាប់ធ្នាប់ អោយក្មេងៗសិស្សរាំ ពេលនេះ អធិការស្រុក បំភ្លឺហើយ!
ស្រុកព្រៃនប់៖ នៅថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៥:៣០នាទី នៅចំណុចការដ្ឋានក្រឡុកបេតុង ស្ថិតក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានម្ចាស់រថយន្ដ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 5A-1578 បើកបរដោយឈ្មោះ សំណាង សុផាណិត ភេទប្រុស អាយុ១៩ឆ្នាំ មុខខរបរបើកបរថយន្ដ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានចុចស៊ីផ្លេប្រដេញ (មានភ្លេង) បង្កភាពអនាធិបតេយ្យ និងគ្មានសណ្ដាប់ធ្នាប់ អោយក្មេងៗសិស្សសាលាអនុវិទ្យាហ៊ុនសែនទួលទទឹងរាំតាមដងផ្លូវជាតិលេខ៤ ហើយត្រូវPage សារព័ត៍មានឈ្មោះ Huy Buleng News បានបង្ហោះតាមបណ្តោញសង្គម Facebook ។
ក្រោយពីឃើញ Page ខាងលើផ្សព្វផ្សាយភ្លាមម្ចាស់រថយន្ដបានទំនាក់ទំនងមកសមត្ថកិច្ច ដើម្បីទទួលស្គាល់កំហុស និងយកស៊ីផ្លេប្រដេញមកប្រគល់ឲ្យសមត្ថកិច្ចផងដែរ។
បន្ទាប់មកលោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានចាត់ឲ្យកម្លាំងជំនាញផ្នែកចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនិងប៉ុស្ដិ៍រដ្ឋបាល អូរឧកញ៉ាហេង ធ្វើការណែនាំ ដល់អ្នកបើកបរខាងលើ ដោយមិនអោយប្រើប្រាស់ស៊ីផ្លេខុសលក្ខណៈបច្ចេកទេសនេះតទៅទៀតទេ ហើយអ្នកបើកបររូបនេះក៍បានសន្យាថាឈប់ប្រើប្រាស់ស៊ីផ្លេរប្រភេទនេះតទៅទៀតហើយ ។
ចំណែកក្មេងៗសិស្សសាលាអនុវិទ្យាល័យហ៊ុនសែនទួលទទឹង ត្រូវបានលោកនាយកសាលា និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលទួលទទឹងដោយបានចូលរួម ណែនាំដល់ក្មេងសិស្សសាលា និងអញ្ចើញអាណាព្យាបាលអោយជួយណែនាំបន្ដ ។