ប្រកាសចាត់វិធានការ ចំពោះបងប្អូនអាជីវករ លក់ម្ហូបអាហារ នៅរមណីយដ្ឋានទឹកជួរកាំពី ដែលមិនបានគោរពតាមកាណែនាំនានា!
ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងរមណីយដ្ឋានទឹកជួរកាំពី ចុះពន្យល់និងណែនាំបងប្អូនអាជីវករ ដែលបង្កឲ្យមានភាពរញ៉េរញ៉ៃដល់ការធ្វើដំណើររបស់ភ្ញៀវ និងតម្លៃលើមុខម្ហូបដែលផ្តល់ជូនភ្ញៀវទេសចរ ធ្វើឲ្យមានការ រិៈគន់ពីភ្ញៀវមកលេងកម្សាន្ត នៅរមណីយដ្ឋានទឹកជួរកាំពី ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងរមណីយដ្ឋានទឹកជួរកាំពី បានណែនាំដល់បងប្អូនអាជីវករត្រូវអនុវត្តនូវវិធានការមួយចំនួន៖- មិនត្រូវរត់ស្ទាក់ ឫឈរបាំងរថយន្ត នៅពេលឆ្លងកាត់ ជៀសវាងភាពរញ៉េរញ៉ៃ និងអាចបង្ករគ្រោះថ្នាក់- ហាមគោះរថយន្តភ្ញៀវទេសចរ – ហាមលក់លើសតម្លៃកំណត់ របស់គណៈកម្មាការ -ម្ហូបអាហារត្រូវរៀបចំឲ្យមានអនាម័យត្រឹមត្រូវ -ត្រូវសម្អាតទីតាំងអាជីវកម្មឲ្យបានស្អាតជាប្រចាំ ។
លោក ម៉ែន វណ្ណា ប្រធានគណកម្មាការបន្តថា ៖ រដ្ឋបាលខេត្ត ដែលមានគណៈកម្មការគ្រប់គ្រងរមណីយដ្ឋាន និងមានក្រុមការងារចុះពិនិត្យឃ្លាំមើលជាប្រចាំ ប្រសិនបើជានៅបន្តមានករណីខាងលើកើតមានឡើងទៀត រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាការ នឹងចាត់វិធានការទៅតាមលក្ខន្តិកៈច្បាប់បានកំណត់ អាចឈានទៅនិងការបញ្ឈប់មុខរបបទាំងនេះ ហើយក៏បានថ្លែងអំណរគុណចំពោះបងប្អូនភ្ញៀវទេចរដែលបានអញ្ជើញមកលេងកម្សាន្ត និងបានផ្តល់ព័ត៌មានមតិយោបល់ ក្នុងន័យស្ថាបនានិងកែលម្អ ដើម្បីឲ្យវិស័យទេចរខេត្ត មានការអភិវឌ្ឍប្រកបដោយគុណភាព និងជួយលើកកម្ពស់សេដ្ឋកិច្ចប្រជាជននៅក្នុងមូលដ្ឋានឲ្យមានជីវភាពធូធារ តាមរយៈការផ្តល់សេវាកម្ម ក្នុងវិស័យទេសចរណ៍៕