ខេត្តបាត់ដំបង៖ ដោយយោងទៅតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាន ណែនាំដល់រដ្ឋបាលក្រុងស្រុកទាំង១៤ មន្ទីរអង្គភាពជុំវិញខេត្តដែលពាក់ព័ន្ធ និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តនូវវិធានការទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្ដីពីការចុះពិនិត្យ និងណែនាំដល់ម្ចាស់រថយន្តធំៗ ធ្វើការដោះស៊ីផ្លេដែលខុសពីលក្ខណៈបច្ចេកទេសចេញ និងផ្លាស់ប្ដូរស៊ីផ្លេ ដែលត្រូវទៅនឹងលក្ខណៈបច្ចេកទេស ដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានកំណត់ ដោយត្រូវអនុវត្ត ឱ្យបានតឹងរ៉ឹង ព្រមទាំងធ្វើការណែនាំដល់ក្មួយៗយុវជន កុមារ បញ្ឈប់រាល់សកម្មភាព រាំទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលបង្កឱ្យភាពអាណាធិបតេយ្យដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់នៅតាមដងផ្លុវសាធារណៈ ដែលងាយនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។
សូមជម្រាបថា តាមរយៈគណនីហ្វេសប៊ុកផ្លូវការ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី ១៨ មីនា ២០២៤ បានបង្ហោះដោយភ្ជាប់រូបភាព និងខ្លឹមសារថា ៖ ក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន និងកុមារ ធ្វើសកម្មភាព រាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។
ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់ វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
ដើម្បីឲ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពនិងកាន់តែទូលំទូលាយ សម្តេចធិបធី សូមណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។
ជាពិសេស សម្តេចធិបតី សូមប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯក ភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និង
ចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏សូមអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងប្អូនៗ និងក្មួយៗដែលជាអ្នកបើកបររថយន្តធំៗ ត្រូវដាក់ស៊ីផ្លេឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំ និងជៀសវាងការប្រើប្រាស់ស៊ីផ្លេដែលនាំឱ្យមានការ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ។
ជាចុងក្រោយ សម្តេចធិបតី សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ សូមបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។ ហើយក៏សូមអាណាព្យាបាលចូលរួមសហការ និងធ្វើការណែនាំដល់ក្មួយៗឱ្យបញ្ឈប់ សកម្មភាពរាំលេងតាមដងផ្លូវ។
ដោយឡែក បើយោងតាមប្រភពខ្លះប្រាប់ថា រថយន្តធំៗ ដែលបំពាក់ស៊ីផ្លេ ដាក់ភ្លេង ខុសបច្ចេកទេ បើកបរមិនខ្លាចបង្កគ្រោះថ្នាក់ ញឹកញាប់ មិនញញឺតសមត្ថកិច្ច នោះ ទេ គឺ ភាគច្រើន រថយន្តដែល អាង យ័ន្ត បិទលើកញ្ចក់ធំៗ មានខ្នងក្រាស់ៗ ជាពិសេស ពេលមានរឿង ម្តងៗ អាងសុំអន្តរាគមន៍តែម្តង។