បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាករ ចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីឆបោក និងប្រើប្រាស់ឯកសារសារធារៈក្លែង

បន្ទាយមានជ័យ៖ មន្ត្រីអាវុធហត្ថ ប្រាប់ថា កាលពី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ ចាន់ គឹមជា ភេទប្រុស ឣាយុ៣៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំឈ្មោះ មួយ បូរិន ភេទប្រុស អាយុ២៤ឆ្នាំ មកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីឆ្លើយបំភ្លឺស្ដីពីយករថយន្ត១គ្រឿងម៉ាក FORD TERRITORY ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខកម្ពុជា HENG 1667 មកដាក់បញ្ចាំនៅហាងរបស់ខ្លួនដែលមានឈ្មោះ ឣេស អ៊ិនប៊ី (SNB) នូវទឹកប្រាក់ចំនួន២០,០០០$ (ពីរម៉ឺនដុល្លារ) ដោយឈ្មោះ មួយ បូរិន បានប្រាប់ថារថយន្តនោះជារបស់ខ្លួនផ្ទាល់ទិញមកពីខេត្តឧត្តរមានជ័យ ហើយមានភ្ជាប់មកជាមួយនូវឯកសារដូចជាបណ្ណសំគាល់រថយន្តម្ចាស់ដើមលិខិតទិញ-លក់រថយន្ត និងឯកសារមួយចំនួនទៀត ដោយហាងបញ្ចាំរបស់ខ្លួនយកការប្រាក់១.៧% ហើយបានយល់ព្រមទទួលបញ្ចាំ និងប្រគល់ប្រាក់ទៅឱ្យឈ្មោះ មួយ បូរិន ចំនួន២០,០០០$(ពីរម៉ឺនដុល្លារ) ហើយបានរៀបចំឯកសារគ្រប់គ្រាន់ ក្រោយមកក្រុមការងារហាងបញ្ចាំបានត្រួតពិនិត្យលើឯកសាររថយន្ត ទើបដឹងថាឯកសារក្លែងក្លាយ ហើយក្រុមការងារហាងបញ្ចាំរបស់ខ្លួនហៅឈ្មោះ មួយ បូរិន មកដោះស្រាយរឿងយកឯកសារក្លែងក្លាយមកដាក់បញ្ចាំ នៅមូលដ្ឋានកងរាជឣាវុធហត្ថក្រុងតែម្ដង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា បើតាមការរៀបរាប់របស់ឈ្មោះ មួយ បូរិន បានរៀបរាប់ថា រូបខ្លួនមានមុខរបរ លក់-ទិញម៉ូតូ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានមានជ័យ ហើយរូបខ្លួនតែងតែឡើងទៅក្រុងប៉ោយប៉ែតដើម្បីលេងល្បែងក្នុងកាស៊ីណូសែនផាលិស ពេលកំពុងលេងស្រាប់តែមានមនុស្សប្រុសចំនួន៣នាក់ ពុំដែលស្គាល់ ជិះរថយន្តចំនួន២គ្រឿង រថយន្តម៉ាកនីសាន់ ពណ៌ស ១គ្រឿង មិនចាំផ្លាកលេខ និងរថយន្តម៉ាកFORT TERRITORY ពណ៌ខ្មៅ ១គ្រឿង បានប្រើឱ្យរូបខ្លួនឈរឈ្មោះយករថយន្តម៉ាក FORT TERRITORY ទៅដាក់បញ្ចាំដោយឱ្យថ្លៃឈ្នួលចំនួន៦០០ដុល្លារ ហើយខ្លួនក៏យល់ព្រម បន្ទាប់មកបានធ្វើឯកសារលក់-ទិញរថយន្តទាំងយប់ ដោយដាក់ឈ្មោះខ្លួនជាឣ្នកទិញ ពីម្ចាស់ដើមឈ្មោះ ជា ចាន់ហេង ហើយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ខ្លួនបានយករថយន្ដ (ម៉ាកFORD TERRITORY ពណ៌ខ្មៅផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខកម្ពុជា HENG 1667 ទៅដាក់បញ្ចាំនៅហាងបញ្ចាំឈ្មោះ SNB យកប្រាក់ចំនួន២០,០០០ដុល្លារ ហើយខាងបុគ្គលិកបញ្ចាំទាមទារយកឯកសាររថយន្តទៅពិនិត្យ ក្រោយពីពិនិត្យឯកសាររួច ខាងហាងបញ្ចាំយល់ព្រម ហើយបានប្រគល់ប្រាក់ចំនួន២០,០០០ដុល្លារ ដោយបាញ់ប្រាក់ចូលក្នុងកុងធនាគារABA របស់ខ្លួនដែលមានឈ្មោះ MOUY BORIN លេខកូដ002644430 បន្ទាប់ពីបានប្រាក់ រូបខ្លួនបានទៅជួបមនុស្សប្រុសទាំង៣នាក់នោះវិញ ហើយពួកគាត់បាននាំខ្លួនទៅដកប្រាក់នៅធនាគារABAហើយបានប្រគល់ប្រាក់ឈ្នូលឱ្យខ្លួនចំនួន៦០០ដុល្លារ។
ក្រោយពីដាក់បញ្ចាំបានរយៈពេល១៥ថ្ងៃ រូបខ្លួនបានទំនាក់ទំនងទៅហាងបញ្ចាំស្នើសុំប្រាក់បន្ថែមចំនួន២,០០០ដុល្លារ ទៀត ពេលនោះបុគ្គលិក ហាងបញ្ចាំប្រាប់ថា ស្នើបានតែចាំជួបមេសិន រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បុគ្គលិកហាងបញ្ចាំទំនាក់ទំនងមកឱ្យរូបខ្លួនទៅបង់ការប្រាក់ តែខ្លួនសុំពន្យាពេល ក្រោយមកបុគ្គលិកហាងបញ្ចាំបានហៅខ្លួនទៅយកប្រាក់ដែលខ្លួនបានស្នើបន្ថែមចំនួន២,០០០ដុល្លារ ពេលខ្លួនទៅដល់ហាងបញ្ចាំ ម្ចាស់ហាងបានប្រាប់ឱ្យខ្លួនយកប្រាក់មកលោះយករថយន្តទៅវិញ ព្រោះបុគ្គលិកពិនិត្យលើឯកសារឃើញថាមិនប្រក្រតី តែរូបខ្លួនប្រាប់ថា គ្មានលទ្ធភាពទេ ទើបម្ចាស់ហាងបញ្ចាំនាំខ្លួនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្តង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយបានស្ដាប់ការរៀបរាប់របស់ឈ្មោះ មួយ បូរិន ទើបលោកសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ ទើបកម្លាំងជំនាញធ្វើការឃាត់ខ្លួន ភ្លាមៗ ហើយកសាងសំណុំរឿងបញ្ជូននមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ ចំណែករថយន្តកម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងធ្វើកំណត់ហេតុផ្ញើនៅហាងបញ្ចាំដើម្បីរក្សាទុកបណ្ដោះឣាសន្ន។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងារជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបទល្មើសបានឱ្យដឹងថា ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ដើម្បីឣនុវត្តតាមនីតិវិធី៕
អត្ថបទដែលជាប់ទាក់ទង
Open

Close