ហ្វេសបុក​ឈ្មោះ​ Darean Thy (ធី ដារ៉ែន) បង្ហោះខ្លឹមសារថា៖​ ពួកអាប៉ូលីសខេត្តកណ្ដាល ចុយ ម្រាយ នេះគ្មានដោះស្រាយបញ្ហាអីឲ្យបានទេ …ពេលនេះ សុំទោសហើយ…!

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន​ទៅនឹងគណនីហ្វេសបុក​ឈ្មោះ​ Darean Thy ដែលបានបង្ហោះខ្លឹមសារថា៖​ ពួកអាប៉ូលីសខេត្តកណ្ដាលចុយម្រាយនេះគ្មានដោះស្រាយបញ្ហាអីឲ្យបានទេ។​ 

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យកម្លាំងជំនាញ និងលោកអធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវរកប្រភពហ្វេសបុកបានបង្ហោះខ្លឹមសារខាងលើ។

ជាលទ្ធផល៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក មាន សំណាង អធិការ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ បាន បញ្ជាកម្លាំងផ្នែកជំនាញនគរបាល​យុត្តិធម៌ស្រុក​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលំហាច​ បានធ្វេីការស្រាវជ្រាវ​ និងបានធ្វើលិខិតកោះហៅ ឈ្មោះ ធី ដារ៉ែន ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់ នៅ បន្ទប់ជួលភូមិព្រៃចំការ ឃុំលំហាច​ ស្រុកអង្គស្នួល​ ខេត្ត​កណ្តាល​ ដើម្បីសួរនាំអំពីការបង្ហោះហ្វេសបុកកាលពីថ្ងៃទី០៨ ខែមីនា​ ឆ្នាំ២០២៤​ ដែលបានសរសេរថាពួកអាប៉ូលីសខេត្តកណ្ដាលចុយម្រាយនេះគ្មានដោះស្រាយបញ្ហាអីឲ្យបានទេ។

ក្រោយពីកម្លាំងផ្នែកជំនាញបានសួរនាំបញ្ហាខាងលើគាត់ក៏បានឆ្លើយបំភ្លឺថា ដោយសារខ្លួនមាន បញ្ហារឿងជំពាក់លុយជាមួយឈ្មោះ ស្រីកា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅបន្ទប់ជួលជិតគ្នា ហើយក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលលំហាច។ ក្រោយមកកម្លាំងប៉ុស្តិ៍លំហាចបានកោះហៅឈ្មោះខាងលើប៉ុន្តែមិនបានចូលតាមការ កោះហៅនោះឡើយ​។ 

ពេលនោះ ខ្លួនខឹងពេកក៏បានបង្ហោះហ្វេសបុករបស់ខ្លួនដែលមានខ្លឹមសារដូចខាងលើតែម្តង។ លុះថ្ងៃក្រោយមកទេីបកម្លាំងប៉ុស្តិ៍លំហាច​ អញ្ជេីញភាគីទាំងពីរមកសម្របសម្រួលនិងបានបញ្ចប់រឿងរួចរាល់ហេីយ។ 

ចំពោះករណីនេះ ឈ្មោះ ធី ដារ៉ែន ដែលជាម្ចាស់គណនីហ្វេសបុកឈ្មោះ Darean Thy បានសរសេរលិខិតព្រមព្រៀងសុំទោស និងធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចមិនឱ្យមានករណីនេះកើតឡើងម្ដងទៀតឡើយ។

បន្ទាប់ពីបានធ្វេីកិច្ចសន្យាអប់រំនៅចំពោះមុខសមត្ថកិច្ចរួច​ ឈ្មោះ ធី ដារ៉ែន ក៏បានបង្ហោះហ្វេសបុករបស់ខ្លួនដេីម្បីធ្វេីការសុំទោសជាសាធារណៈផងដែរ។ 

 អាស្រ័យហេតុនេះ​ សូមសាធារណជន ដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម​ មេត្តាជ្រាប​ និងកុំមានការភាន់ច្រឡំ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close