សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចូលទស្សនា ស្តង់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតាំងបង្ហាញក្នុង “ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ”
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូអមដំណើរបានអញ្ជើញចូលទស្សនា ស្តង់ពិព័រណ៍របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបើកជាផ្លូវការ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤” និង “ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ” ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
តាមរយៈទស្សនកិច្ចស្តង់ពិព័រណ៍របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានរៀបចំតាំងបង្ហាញក្នុង “ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ” នេះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលបដិសណ្ឋារកិច្ច សម្តេចមហាបវរធិបតី ប្រកបដោយការស្វាគមន៍ និងគារវកិច្ចខ្ពង់ខ្ពស់។ ទន្ទឹមនេះ សម្តេចធិបតី បានចំណាយពេលវេលា ពិនិត្យស្វែងយល់បន្ថែម និងស្តាប់បទបង្ហាញដោយសង្ខេបអំពីសមិទ្ធផល និងគុណប្រយោជន៍ នៃថ្នាលបច្ចេកវិទ្យាឌីជីថល ដែលក្រសួងបានអភិវឌ្ឍក្នុងការផ្តល់សេវាសាធារណៈ ជូនទៅកាន់បងប្អូនប្រជាពលរដ្ឋ និងការប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល ក្នុងការងារគ្រប់គ្រង ត្រួតពិនិត្យការងារ ដែលជាកំណែទម្រង់ និងការពង្រឹងប្រសិទ្ធភាពការងារផ្ទៃក្នុងក្រសួងផងដែរ៕