ភ្នំពេញ ៖ ក្រោយបែកធ្លាយវីដេអូ ទីតាំង ហ្គេមបាញ់ត្រី មួយកន្លែង ក្នុងសង្កាត់ចោមចៅ៣ លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បញ្ជាកម្លាំង ចុះទៅដល់ តែរកមិនឃើញ ទូហ្គេមបាញ់ត្រីទេ ។
ប្រតិបត្តិការណ៍ខាងលើ ធ្វើឡើង កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង ២០:២០ នាទីយប់ ដោយក្រុមការងារចម្រុះរដ្ឋបាលខណ្ឌ ដឹកនាំដោយលោក ផុន សុផាន អភិបាលរងខណ្ឌ បានចុះត្រួតពិនិត្យអាជីវកម្មចំនួន ០២ទីតាំង រួមមានដូចខាងក្រោម៖
ទីតាំងទី១ ៖ មជ្ឈមណ្ឌលសុខភាព នាមការណ៍ សម្រស់ស្រស់ស្អាត របស់ឈ្មោះ កាវ ស៊ែង ជនជាតិចិន ស្ថិតនៅផ្លូវលេខ ១១៣K ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣។
ទីតាំងទី២ ៖ ភោជនីយដ្ឋាន និងខារ៉ាអូខេ នាមការណ៍ ត្រីច្រើន របស់ឈ្មោះ សាផុន សុផល្លី ជនជាតិខ្មែរ ស្ថិតនៅផ្លូវលេខ ១១៣K ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ។
ក្រុមការងារបានណែនាំដូចខាងក្រោម ៖
-ត្រូវស្នើសុំច្បាប់ប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ទុករយៈពេល ០២សប្ដាហ៍
-មិនត្រូវបង្កសំឡេងរំខានដល់អ្នកជិតខាង
-មិនជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅទីតាំងអាជីវកម្ម
-មិនមានការជួញដូរផ្លូវភេទ និងប្រើប្រាស់កម្លាំងកុមារមិនទាន់គ្រប់អាយុ
-ហាមមិនឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទីតាងអាជីវកម្ម