ខេត្តត្បូងឃ្មុំ៖ ក្រោយឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការក្តៅបន្តបន្ទាប់, កម្លាំងនគរបាល ចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) មួយកន្លែង ឃាត់ខ្លួនមនុស្ស ៥នាក់ ចាត់ការតាមផ្លូវច្បាប់ គ្មានការលើកលែង
(ត្បូងឃ្មុំ): ការចុះបង្ក្រាបទីតាំងលួចលេងល្បែងជល់មាន់នេះ ធ្វើឡើងកាលពី វេលាម៉ោង១៣ និង៣០នាទីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចចំការកៅស៊ូទុកចោល ស្ថិតនៅភូមិថ្មដាប់ ឃុំរំចេក ស្រុក មេមត់ ខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួនបានអ្នកលេងចំនួន០៥នាក់ រួមនឹងវត្ថុតាងមាន់៣ក្បាល (ងាប់) និងសម្ភារមួយចំនួនទៀត ។
ចំ
ពោះមនុស្សទាំង៥នាក់ និងវត្ថុតាងខាងលើសមត្ថកិច្ច បាន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាង សំណុំរឿងតាមនីតិវិធី ។
ទាំងនេះ ជាលទ្ធផល បន្ទាប់ពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការក្តៅបន្តបន្ទាប់ ដោយឯកឧត្តមបណ្ឌិតសង្កត់ធ្ងន់ថា ត្រូវលុបបំបាត់ល្បែងជល់មាន់ និងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំអោយអស់ ដោយគ្មានការលើកលែងជាដាច់ខាត ទាំងអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ។
ស្នងការដ្ឋាននគរបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាសហការផ្តល់ព័ត៌មានពាក់ព័ន្ធ ការលួចលេងល្បែងស៊ីសងខុសច្បាប់ ឬការសំណូមពរផ្សេងៗ ដល់សមត្ថកិច្ចតាមលេខទូរសព្ទ ០៧១ ៤៤២២ ៦៦៦ លេខប្រចាំបញ្ជា ២៤/២៤ម៉ោង ឬផេកហ្វេកប៊ុកផ្លូវការ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកម្លាំងជំនាញបន្តបង្ក្រាប (យើងខ្ញុំសូមរក្សាការសំងាត់ជូន)៕





