“គ្មានលុយបង់ផាកពិន័យចំនួន ១៨ ម៉ឺនរៀល ធ្វើឲ្យលោកអធិការរងស្រុកចន្ទ្រា ចាប់វាយនិងវៃខ្នោះ” ប៉ូលិស ថា ផុស ដោយគ្រាន់តែចង់បាន View , Like, Share … តែប៉ុណ្ណោះ!

ខេត្តស្វាយរៀង៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការប្រកាសព័ត៌មានជូនសាធារណជន មេត្តាជ្រាបថា៖ មានផេកហ្វេសប៊ុកមួយចំនួន បានយកវីដេអូចាស់ កើតឡើងកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ករណីលោកអធិការរងនគរបាលស្រុកចន្ទ្រា ទទួលបន្ទុកការងារសណ្តាប់ធ្នាប់ចរាចរណ៍ ១រូប ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបានអនុវត្តលើសគោលការណ៍ណែនាំ រួចយកមកផុសសារជាថ្មី ដោយដាក់ចំណងជើងថា “គ្មានលុយបង់ផាកពិន័យចំនួន ១៨ ម៉ឺនរៀល ធ្វើឲ្យលោកអធិការរងស្រុកចន្ទ្រា ចាប់វាយនិងវៃខ្នោះ” ធ្វើឲ្យបានការយល់ច្រលំ និងមានការចែករំឡែកជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ។
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការបញ្ជាក់ជូនថា៖ ករណីខាងលើជាករណីចាស់ ស្នងការដ្ឋាននគរបាលខេត្ត ធ្លាប់បានបំភ្លឺព័ត៌មានម្តងរួចមកហើយ គឺក្រោយពេលកើតហេតុ ភាគី នគរបាលចរាចរណ៍ និងអ្នកបើកបរ រម៉ក់ដឹកសម្ភារលក់ដូរ បានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង ហើយលោកអធិការរងនគរបាលស្រុករូបនោះក៏បានសុំទោសអ្នកបើកបរម៉ូតូរឺម៉ក និងបងប្អូនប្រជាពលរដ្ឋជាសារធារណៈ ជាមួយគ្នានោះលោកអធិការរងនគរបាលរូបនោះ ក៏ត្រូវបានដាក់ពិន័យដោយផ្អាកការងារបណ្តោះអាសន្នផងដែរ ។
ស្នងការដ្ឋានគរបាលខេត្ត សូមធ្វើការអំពាវនាវ ដល់អ្នកប្រើប្រាស់បណ្តាញសង្គម សូមមេត្តាកុំចែករំលែកព័ត៌មានដែលមិនមានប្រភព និងកាលបរិច្ឆេទមិនច្បាស់លាស់ ដែលម្ចាស់ផេកយកវីដេអូចាស់មកផុសឡើងវិញនេះ គឺមានចេតនាមិនល្អ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់កងកម្លាំង និងបំពុលសង្គម ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានការយល់ច្រលំ ដោយគ្រាន់តែចង់បាន View , Like, Share … តែប៉ុណ្ណោះ ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់ ដើម្បីសុខសុវត្ថិភាពយើងទាំងអស់គ្នា។
អត្ថបទដែលជាប់ទាក់ទង
Open

Close