នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណ: ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាន បានអញ្ជើញជាធិបតីភាពក្នុងទិវាអន្តរជាតិនារី ៨មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ដែលមានការចូលរួមពីកងកម្លាំងនគរបាលនារី ចំណុះនាយកដ្ឋាន ចំនួន ២២នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី តាងនាមថ្នាក់ដឹកនាំគ្រប់ថ្នាក់ក្នុងនាយកដ្ឋាន សូមសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងនគរបាលជានារីគ្រប់រូប ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងចូលរួមក្នុងបុព្វហេតុសន្តិសុខជាតិមាតុភូមិ និងសូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក ស្រលាញ់រាប់អាន ដល់ក្រុមគ្រួសារញាតិសណ្តាន ក៏ដូចជាកងកម្លាំងនគរបាលនារី ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន ឬនៅមន្ទីរពេទ្យ សូមឲ្យឆាប់បានជាសះស្បើយ ដើម្បីវិលមកជួបជុំគ្រួសារ និងសហការីនៅអង្គភាពវិញ។

















