លោក ឡុង ឌីម៉ង់ តំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត អញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដែលដឹកនាំដោយ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
នៅក្នុងជំនួបនេះ ឯកឧត្តមអភិបាលខេត្តស្វាយរៀងបានសម្តែងគារវកិច្ច និងថ្លែងអំណរគុណដល់គណៈប្រតិភូ ព្រមទាំងបានជម្រាបជូនអង្គពិធីអំពីស្ថានភាពសេដ្ឋកិច្ច ភូមិសាស្ត្រ និងសក្តានុពលខេត្ត ដើម្បីជាធាតុចូលសំខាន់ក្នុងការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងឈានទៅរកការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ បានជម្រាបជូនអង្គពិធី អំពីគោលបំណង នៃដំណើរទស្សនៈកិច្ច និងសារៈសំខាន់ ចំពោះការរៀបចំ «របាយការណ៍វិភាគភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាមកំហែង លើទិដ្ឋភាពសង្គម-សេដ្ឋកិច្ចរបស់ខេត្ត»។ ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា របាយការណ៍នេះ នឹងដើរតួជាត្រីវិស័យ ក្នុងការកំណត់សក្តានុពលរបស់ខេត្ត, កាត់បន្ថយជាអតិបរមានូវភាពអសកម្ម, ដោះស្រាយហានិភ័យដែលអាចកើតមានឡើង និងប្រែក្លាយទៅជាកាលានុវត្តភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចាប់យកឱកាសផ្សេងៗ ដែលនឹងមកដល់។








