ធ្លាក់ទ្រុង គោយន្ត កៀបជាងជួសជុលជាប់នឹងសាក់ស៊ី បណ្តាលឲ្យស្លាប់ នៅស្រុកចំការលើ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់ សាធារណជន ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គមហ្វេសប៊ុកជ្រាបថា ចំពោះការចុះផ្សាយព័ត៌មានស្ដីពីការឃាត់ខ្លួនមនុស្សម្នាក់ ពាក់ព័ន្ធនឹង ករណី ធ្លាក់ទ្រុងគោយន្តកៀបជាងជួសជុលជាប់នឹងសាក់ស៊ីបណ្តាលឲ្យស្លាប់ នៅក្នុងភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ។

កាលពីថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង០៩ និង៤៥នាទី សមត្ថកិច្ចយើងខ្ញុំ បានទទួលព័ត៌មានថា មានករណីធ្លាក់ទ្រុងគោយន្តកៀបជាងដែលកំពុងជួសជុលជាប់នឹងសាក់ស៊ីបណ្តាលឲ្យស្លាប់ នៅចំណុចភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ។ បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម សម្ថកិច្ចជំនាញ ចុះពិនិត្យស្រាវជ្រាវស៊ើបអង្កេតដល់កន្លែងកើតហេតុ ជាលទ្ធផលឃើញថា កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២៤ ឈ្មោះ វី រ៉ាវុធ ជាជាងជួសជុលគោយន្ត បានប្រើឲ្យម្ចាស់គោយន្តឈ្មោះ ញឹន សូត្រ ដែលយកគោយន្តមកឲ្យជួសជុល ទៅទិញកាឡេខ្វែង និងប្រេងប្រាំង ដើម្បីយកមកផ្លាស់ប្តូរ ។ ពេលត្រឡប់មកវិញ នៅពេលដែលកំពុងជួសជុលវេលាម៉ោងប្រហែល០៩ និង៣០នាទី ឈ្មោះ វី រ៉ាវុធ ជាជាងជួសជុល បានហៅឈ្មោះ ញឹន សូត្រ ជាម្ចាស់គោយន្ត ឲ្យមកពិនិត្យគោយន្ត ដែលខ្លួនជាជាងជួសជុលបានឡើងបញ្ឆេះគោយន្ត និងបែនទ្រុងគោយន្តឡើងលើ បន្ទាប់មកក៏បានឲ្យឈ្មោះ ញឹន សូត្រ ឡើងលើកាប៊ីនវិញម្តង ។ រីឯឈ្មោះ វី រ៉ាវុធ ចុះពីលើកាប៊ីនមកឈរនៅក្បែរកង់ក្រោយ ផ្នែកខាងឆ្វេង បន្ទាប់មកឈ្មោះ វី រ៉ាវុធ បានអោនពិនិត្យមើលប្រអប់លេខបត់ និងឮសំឡេងជាងកំពុងដំអ្វីម្យ៉ាង (មើលមិនឃើញ) ហើយទ្រុងបែនគោយន្តដែលបញ្ឈរនោះ ក៏ធ្លាក់ចុះសង្កត់ឈ្មោះ វី រ៉ាវុធ គៀបជាប់នៅនឹងសាក់ស៊ីបណ្តាលឲ្យស្លាប់តែម្តង ។

ដោយមានការសង្ស័យ បន្ទាប់ពីសាកសួររួច ដើម្បីឲ្យការស្រាវជ្រាវស៊ើបអង្កេតអនុវត្តត្រឹមត្រូវតាមនីតិវិធី និង អនុវត្តតាមបញ្ជារបស់ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយើងបានសម្រេចឃាត់ខ្លួនឈ្មោះ ញឹន សូត្រ ជាបណ្ដោះអាសន្ន ចងក្រងសំណុំរឿងតាមនីតិវិធី និងបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០២៤ ។

រហូតមកដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ឈ្មោះ ញឹន សូត្រ ត្រូវបានលោក ថាំង សុខលីម ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តកំពង់ចាម អនុញ្ញាតឲ្យវិលត្រឡប់ទៅមូលដ្ឋានវិញ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close