ករណី ចាក់ថ្ម លុបទន្លេ រដ្ឋបាលខេត្តកំពង់ចាម បានដាក់ពាក្យបណ្ដឹងដល់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ចាម រួចរាល់ហើយ!
ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា ៖ ករណីចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលរដ្ឋបាលខេត្ត បានកំណត់ឲ្យភាគីម្ចាស់ដី ធ្វើការកកាយថ្មចេញពីផ្ទៃទន្លេវិញជាបន្ទាន់នោះ គិតមកត្រឹមព្រឹកថ្ងៃទី ២-មីនា-២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើការដឹកនាំចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ ឃើញថា ការអនុវត្តវិធានការ រដ្ឋបាលនេះ មានលទ្ធផលដូចខាងក្រោម ៖
១. ភាគីម្ចាស់ដី បានដំណើរការកកាយថ្មចេញពីផ្ទៃទន្លេ ចាប់ពីថ្ងៃទី ២៥-កុម្ភៈ-២០២៤ ដោយសកម្មភាព កកាយថ្មចេញវិញនេះ គឺធ្វើឡើងទាំងយប់ទាំងថ្ងៃ។ ថ្មដែលត្រូវបានកកាយចេញទាំងអស់ ត្រូវបាន ដឹកចេញទៅទុកដាក់នៅដីឯកជន នៅទីតាំងផ្សេងទៀត។
២. តាមការវាយតម្លៃជាបឋម ការកកាយថ្មចេញវិញនេះ គឺសម្រេចបានប្រមាណ ៧០% ពោលគឺផ្នែក ខាងលើត្រូវបានប្រមូលចេញអស់ហើយ និងបន្តកកាយយកផ្នែកខាងក្រោមទឹកបន្តទៀត។ តាមការ ប្ដេជ្ញាចិត្តរបស់ម្ចាស់ដី នឹងខិតខំកកាយថ្មពីផ្នែកខាងក្រោមទឹក ឲ្យរួចជាស្ថាពរ ក្នុងរយៈពេលត្រឹម១០ថ្ងៃទៀត។
៣. សកម្មភាពនៃការកកាយថ្មនេះ ត្រូវបានភាគីម្ចាស់ដី រាយការណ៍ជូនអាជ្ញាធរជាប់ជាប្រចាំ។
រដ្ឋបាលខេត្ត នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវការអនុវត្តវិធានការរដ្ឋបាលនេះ ដោយមាន ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត ដឹកនាំក្រុមការងារ ដែលមានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បន្តត្រួតពិនិត្យ តាមដាន វាយតម្លៃ នូវការអនុវត្តវិធានការរដ្ឋបាលនេះរហូតដល់ចប់ជាស្ថាពរ។
ចំពោះវិធានការផ្លូវច្បាប់ គឺរដ្ឋបាលខេត្តកំពង់ចាម បានដាក់ពាក្យបណ្ដឹងដល់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ចាម រួចរាល់ ហើយស្ថាប័នអយ្យការ កំពុងចាត់ការបន្តទៅតាមនីតិវិធីច្បាប់ផងដែរ៕



