មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សូមបដិសេធទាំងស្រុង ពីការបំផ្លើស បំភ្លៃព័ត៌មានពីសំណាក់ជនអគតិ ដែលបានចោទប្រកាន់គ្មានមូលដ្ឋាន
សេចក្ដីជូនដំណឹង បន្ទាប់ពីមានការផ្សព្វផ្សាយពីសក្ដានុពល សហគមន៍ទេសចរណ៍ភូមិបណ្តែតកំពង់លួង ស្ថិតនៅឃុំកំពុង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ តាមទស្សនទាន ទស្សនាខេត្តពោធិ៍សាត់នាគិម្ហៈរដូវ ក្រុមការងារផលិតនិងផ្សព្វផ្សាយរបស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានសង្កេតឃើញថា មានការយកព័ត៌មានផ្សព្វផ្សាយទេសចរណ៍ ពីសំណាក់ជនអគតិទៅបំភ្លៃ មួលបង្កាច់ថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល ដោយចោទប្រកាន់ដោយគ្មានមូលដ្ឋាន តាមរយៈបណ្ដាញសង្គមFacebook TikTok និងPlatformផ្សេងៗ ក្រោមប្រធានបទអំពីជនជាតិវៀតណាម កំពុងរស់នៅពេញផ្ទៃបឹងទន្លេសាបក្នុងមូលដ្ឋានភូមិបណ្តែតទឹក ឃុំកំពង់លួង ។
ក្នុងន័យដូចបានបញ្ជាក់ជូនខាងលើ ក្រុមការងារផលិតនិងផ្សព្វផ្សាយមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ មានកិត្តិយសជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា សហគមន៍ភូមិបណ្តែតទឹកកំពង់លួង ជាសហគមន៍ទេសចរណ៍ ដែលកំពុងអនុវត្តសកម្មភាពទេសចរណ៍ ដោយប្រជាសហគមន៍ ភាគច្រើនជាប្រជាពលរដ្ឋខ្មែរ ដែលតាំងទីលំនៅលើភូមិបណ្តែតទឹកតាំងពីបុរាណកាលមក ដូចភូមិបណ្តែតទឹកនានានៅតាមផ្ទៃបឹងទន្លេសាប តាមបណ្ដាខេត្តនៅជុំវិញបឹងទន្លេសាប ។
បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយថាមពល និងគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងដោយមានក្រសួងទេសចរណ៍ជាសេនាធិការ បានយកចិត្តទុកដាក់លើកកម្ពស់ និងជម្រុញវិស័យទេសចរណ៍ ដែលជាវិស័យអាទិភាព ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាជននៅគ្រប់មូលដ្ឋានបានរីកចម្រើន ក្រោមម្លប់នៃសុខសន្តិភាព ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រុមការងារផលិត និងផ្សព្វផ្សាយ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សូមបដិសេធទាំងស្រុង ពីការបំផ្លើស បំភ្លៃព័ត៌មានពីសំណាក់ជនអគតិ ដែលបានចោទប្រកាន់គ្មានមូលដ្ឋានមកលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល តាមរយៈរូបភាពឯកសារផ្សព្វផ្សាយព័ត៌មានទេសចរណ៍ ។ សូមអរគុណ !!! 🙏