ឆេះផ្ទះ មួយខ្នង នៅស្រុកបាណន់

បាត់ដំបង៖ លំនៅដ្ឋានប្រជាពលរដ្ឋមួយត្រូវអគ្គិភ័យឆាបឆេះ ផ្អើលដល់ប្រជាពលរដ្ឋ សមត្ថកិច្ច និងប្រជាការពារភូមិចុះជួយពន្លត់បែកញើសជោគទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២យប់ ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែ គុម្ភៈ ឆ្នាំ២០២៤ ចំណុចក្រុមទី១៥ ភូមិរំជៃ  ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

លំនៅដ្ឋានដែលត្រូវអគ្គិភ័យឆាបឆេះនោះគឺជាកម្មសិទ្ធិរបស់ លោក ផល សូត្រ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុ។

មូលហេតុដែលបង្កអោយមានអគ្គិភ័យកើតឡើង គឺដោយសារ ឪពុក ម្តាយ មិននៅ ជាប់រវល់ទៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។

ស្របពេលនោះកូនប្រុសឈ្មោះ ឈា សាំងស៊ីល ភេទប្រុស  អាយុ១៥ឆ្នាំ អុជធូប ទាន លើហឹុងក្បាលគែ្រទុកចោលហើយនាំប្អូនស្រីទៅដេកនៅផ្ទះ តា យាយក្បែរនោះមួយសន្ទុះធំក្រោយមក ធ្លាក់កំទេចធូប ទាន បង្កជាអណ្តាភ្លើងឆាបឆេះផ្ទះតែម្តង។

ក្រោយពេលកើតហេតុ ភ្លាមៗនោះកម្លាំងប្រជាការពារ និងអ្នកភូមិនាំគ្នាជួយពន្លត់ទាន់ពេលទើបអណ្តាតភ្លើងរលត់អស់ទៅវិញ និងមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ទ្រព្យសម្បត្តិដែលខូចខាតរួមមាន៖

ផ្ទះ១ខ្នង ទំហំ៧ គុណ ៤ម៉ែត ឆេះអស់ ៧០% ម៉ូទ័រតូចៗ ចំនួន៦គ្រឿង គ្រែរឈើ ចំនួន១ តុឈើ ៣ និងសម្ភារៈក្នុងផ្ទះមួយចំនួនទៀតសរុបជាទឹកប្រាក់អស់ប្រហែល៥០០០$(ប្រាំពាន់ដុល្លា)។

សូមបញ្ជាក់ថាករណីអគ្គិភ័យនេះ នគរបាលស្រុកបាណន់មិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ ហើយក៍មិនមានគ្រោះថ្នាក់ដល់មនុស្សដែរ ដោយសារកម្លាំងបង្ការ ពន្លត់អគ្គីភ័យ ទទួលបានដំណឹងយឺតពេក៕ ដោយ ៖  សុខ កុសល

 

អត្ថបទដែលជាប់ទាក់ទង
Open

Close