ចាប់ខ្លួនជនសង្ស័យ៧នាក់ ប្រព្រឹត្តបទល្មើសអំពើឆក់ និងលួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋ០៤ករណីផ្សេងគ្នាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្រ្កាបជនសង្ស័យ០៧នាក់ ដែលបានធ្វើសកម្មភាពអំពើឆក់ និងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន៤ករណីផ្សេងគ្នា នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ការបង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង៧នាក់ជាបន្តបន្ទាប់ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ អនុវត្តតាមបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងចុះអនុវត្តបង្រ្កាបផ្ទាល់ចំពោះជនសង្ស័យខាងលើ។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌប្រាប់ឱ្យដឹងថា៖ ជនសង្ស័យធ្វើសកម្មភាពអំពើឆក់ចំនួន០៣ករណីត្រូវបាននគរបាលជំនាញចាប់ឃាត់ខ្លួនចំនួន០៣នាក់ឈ្មោះ ១.សំ រដ្ឋាន ហភ ឆដា ភេទប្រុស ២.សំបុណ្យ ពុទិ្ធជ័យ ភេទប្រុស បច្ចុប្បន្នពួកគេរស់នៅក្នុងសង្កាត់ភ្នំពេញថ្មី និងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ៣.ម៉ី វត្ថា ហៅតុង ភេទប្រុស និង៤.ហម រត្ថា ហៅយក្ស ភេទប្រុស ពួកគេទាំងពីរនាក់ រស់នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ជនសង្ស័យទាំង៤នាក់ បានធ្វើសកម្មភាពអំពើឆក់ កាបូបជនរងគ្រោះជនជាតិចិន នៅចំណុចបុរីញូថោន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ធ្វើសកម្មភាពឆក់ខ្សែក ជនរងគ្រោះ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចបុរីពិភពថ្មីកំបូល១ សង្កាត់កន្ទោក ខណ្ឌកំបូល ,បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចខាងត្បូងផ្សារបុរីពិភពថ្មី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានប្រាប់ឱ្យដឹងទៀតថា៖ដោយឡែកចំពោះជនសង្ស័យ០៤នាក់ទៀតត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌបង្រ្កាបបានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ញើម៉ូតូ និងកង់ នៅមន្ទីរពេទ្យបង្អែកចតុមុខ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជនសង្ស័យប្រុសស្រី០៣នាក់ ពួកគេជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនផងដែរ។

ជនសង្ស័យទាំង០៧នាក់ និងវត្ថុតាង នៅសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close