ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃើញគណនេយ្យហ្វេកបុកមួយបានបង្ហោះថា “លោកប៉ូលិសគម្រូ សូមស្នងការដ្ឋាននគរបាលខេត្ត ជួយពិនិត្យមើលផង គាត់ជាមន្រ្ដីនគរបាលទេ បើគាត់ជាមន្រ្ដីតើគាត់ចេះច្បាប់ទេ? បើមិនមែន តើបានស្លាកលេខនេះមកពីណា? មួកក៏គ្មាន កញ្ចក់ក៏គ្មាន“ ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមជំរាបថា ក្រោយពីឃើញគណនេយ្យខាងលើបង្ហោះបែបនេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត បានបញ្ជាឱ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្រាវជ្រាវបានដឹងថាអ្នកបើកបរម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល 1A-1233 មានឈ្មោះ ដាន សុខហេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លេខ130159387 មុខរបរ បើកបររថយន្ត មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយបានខ្ចីម៉ូតូពីឈ្មោះ ជា ច័ន្ទសុភា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ នគរបាលនៅរាជធានីភ្នំពេញ ដែលជាអ្នកស្គាល់គ្នា កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ៩ជាង និងឈ្មោះ ដាន សុខហេង អ្នកបើកបរម៉ូតូផ្លាកលេខនគរបាលមិនពាក់មួកការពារសុវត្ថិភាពរូបនេះ មិនមែនជាមន្រ្តីនគរបាលទេ ។
ចំណាត់ការបន្ថែមនោះ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្នាននគរបាលខេត្តព្រះសីហនុ បានកោះហៅឈ្មោះ ដាន សុខហេង ដែលជាអ្នកបើកបរម៉ូតូល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មកធ្វើការផាកពិន័យ និងធ្វើកិច្ចសន្យាតាមច្បាប់ចរាចរណ៍ផ្លូវគោក ៕