រាជធានីភ្នំពេញ៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ៖ តបតាមការអញ្ជើញ និងយោងតាមយុទ្ធសាស្រ្ត ផែនការសកម្មភាព ក៏ដូចជាចក្ខុវិស័យ របស់សហព័ន្ធកីឡាទូកក្តោងកម្ពុជាឆ្នាំ២០២៣-២០២៧ ក្រោមការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម ថោង រដ្ឋសក្កិ អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការនៃសហព័ន្ធ បានរៀបចំបញ្ជូនគណៈប្រតិភូកីឡាទូកក្ដោងចំនួន ៤រូប ដឹកនាំដោយលោក ចាន់ វាសនា ប្រធានប្រតិភូ និងជាគ្រូបង្វឹក និងកីឡាករចំនួន ០៤រូបទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាទូកក្តោង 43rd Singapore Open Windsurfing & Foiling Championship 2024 និង Techno 293 Asian Championship 2024 ប្រទេសសឹង្ហបុរី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោង 43rd Singapore Open Windsurfing & Foiling Championship 2024 និង Techno 293 Asian Championship 2024 គឺជាព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងប្រភេទ Windsurfing និង Wind Foil ដ៏ធំមួយប្រចាំឆ្នាំរបស់ប្រទេសសឹង្ហបុរី ដែលមានការចូលរួមពីកីឡាករ កីឡាការិនីសរុបប្រមាណ ៧០នាក់មកពី៨ប្រទេសដូចជា កម្ពុជា, ថៃ, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ជប៉ុន, ហ្វីលីពីន, ឥណ្ឌា និងសឹង្ហបុរីដែលជាម្ចាស់ផ្ទះ។
ការប្រកួតជើងឯកកីឡាទូក43rd Singapore Open Windsurfing & Foiling Championship 2024 និង Techno 293 Asian Championship 2024 គឺជាឱកាសមួយដ៏មានសារៈសំខាន់សំរាប់ក្រុមកីឡាទូកក្តោងកម្ពុជា ក្នុងការប្រកួតប្រជែង និងពង្រឹងសមត្ថភាព ដើម្បីឆ្ពោះទៅកាន់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។
គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា បញ្ជូនក្រុមកីឡាករ Windsurfing ចំនួន ០២នាក់ គឺកីឡាករ កែវ ភារុណ, កីឡាករ សែម ប្រុសពៅ និង Wind Foil ចំនួន ០២នាក់ គឺកីឡាករ ហេន សុភី និងកីឡាករ កែវ ភានុន ទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនេះ៕