បាត់ដំបង៖ ជនរងគ្រោះម្នាក់កំពុងអង្គុយលេងក្រោមផ្ទះត្រូវបានជនសង្ស័យ ម្នាក់កាប់មួយផ្គាក់ចំសៀតផ្កាលើ ត្រជៀក បណ្តាលអោយស្លាប់ក្នុងថ្លុកឈាម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី14 ខែគុម្ភៈ ឆ្នាំ២០២៤ នៅចំណុច ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានអោយដឹងថា៖ជនរងគ្រោះ ឈ្មោះ សោម មេសា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅក្នុងក្រុមទី១៦ ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ចំណែកជនបង្ស័យ ឈ្មោះ ឃន ចំរើន ហៅងិក ភេទប្រុស អាយុ៣០ឆ្នាំ (ជាមនុស្ស ញៀនថ្នាំ) រស់នៅក្នុងក្រុមទី១៧ ភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបង សហការជាមួយ កម្លាំងនគរបាល ស្រុកឯកភ្នំ ចុះស្រាវជ្រាវ និង ឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង ៧ និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែគុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៧ ភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង យកទៅឃុំខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកឯកភ្នំ កសាងសំណុំរឿង បញ្ជូនទៅស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តទៅតាមនិតិវិធី។
បច្ចុប្បន្ន សពជនរងគ្រោះ សមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សុខ កុសល