មុខសញ្ញា គាស់បន្ទប់ ខុនដូរ នៅខណ្ឌទួលគោក ត្រូវ ប៉ូលិស ស្រាវជ្រាវបង្ក្រាបបាន

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥៖៤៥នាទី ត្រង់ចំណុចភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបង្រ្កាប និងឃាត់​ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់បន្ទប់ខុនដូរ)។

ជនសង្ស័យដែលបង្ក្រាបបានជាមុខសញ្ញាចាស់ និងមិនរៀងចាល ឈ្មោះ កែវ បញ្ញារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ៤០z បន្ទប់លេខ១៣ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ មានការសម្របសម្រួលពី លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យទៅឆែកបន្ទប់ស្នាក់នៅ ហើយបានរកឃើញឯកសារសំខាន់ៗ មួយចំនួនរបស់ជនរងគ្រោះដែលលួចបាននាពេលកន្លងទៅ ក្នុងនោះ មានដូចជាអត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ និងឯកសារមួយចំនួនទៀត។ កម្លាំងជំនាញបានព្យាយាមទាក់ទងទៅជនរងគ្រោះ ហើយបានប្រគល់ជូនម្នាក់ផងដែរ។

បន្ទាប់ពីបញ្ចប់ការសួរនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close