ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានដាក់ចេញនូវបទបញ្ជាដល់គ្រប់មូលដ្ឋានកងរាជអាវុធហត្ថទាំង៩ ក្រុង-ស្រុក បន្តចូលរួមចំណែកក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យបានល្អ និងស្រាវជ្រាវបង្ក្រាបរាល់បទបទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន
បន្ទាយមានជ័យ៖ នៅបញ្ជាការមូលដ្ឋាន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរសក្តិលោក អនុសេនីយ៍ឯក សុខ ឡេង មេបញ្ជាការរង កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជាវរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជំនួសលោកវរសេនីយ៍ទោ យ៉ាន់ សុវណ្ណ ដែលត្រូវបានទទួលភារកិច្ចថ្មី ជាប្រធានមន្ទីរភស្ភុភារ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធក្នុងក្រុងសិរីសោភ័ណផងដែរ។
ក្នុងឱកាសនោះ ដែរលោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹក។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ បានដាក់ចេញនូវបទបញ្ជាដល់គ្រប់មូលដ្ឋានកងរាជអាវុធហត្ថទាំង៩ ក្រុង-ស្រុក បន្តចូលរួមចំណែកក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យបានល្អ និងស្រាវជ្រាវបង្ក្រាបរាល់បទបទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជា គោរពសិទ្ធមនុស្ស ព្រមទាំងជួយសង្គ្រោះដល់ប្រជាពលរដ្ឋនូវក្នុងឧបទ្ទវហេតុផ្សេងៗ ឱ្យបានទាន់ពេលវេលា។
លោក មេបញ្ជាការ ក៏បានសង្កត់ធ្ងន់ៗដល់កម្លាំងអាវុធហត្ថទាំងអស់ត្រូវតែគោរពច្បាប់ គោរពបទបញ្ជា គោរពឋានានុក្រមការងារ គោរពលក្ខន្តិកៈ បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ ជាពិសេសត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អផងដែរ៕