ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង០៩ និង៥នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានស្រាវជ្រាវរកឃើញរថយន្តបង្កដែលបើកបុកម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AV.8317 បណ្ដាលឱ្យរង របួស ស្រាល ចំនួន០២នាក់ និងស្លាប់ ក្មេងស្រីម្នាក់ កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១និង ៣០នាទី ផ្លូវ៦០ម ខណ្ឌដង្កោ ត្រូវបានជនបង្កបើកយកមកចតប្លុងចោលនៅមុខអាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
បច្ចុប្បន្ន រថយន្តបង្ក ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំណែកអ្នកបើកបរបង្ក សមត្ថកិច្ចបានកំណត់មុខសញ្ញារួចហើយ សូមឱ្យអ្នកបើកបរបង្កចូលខ្លួនមកស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕