លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំលើកដំបូង ផ្សព្វផ្សាយ របៀបរបបការងារ ការអនុវត្តតួនាទី ភារកិច្ច ដល់សមាជិក

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកដំបូង ផ្សព្វផ្សាយអំពីរបៀបរបបការងារ ការអនុវត្ត តួនាទី ភារកិច្ចដល់សមាជិកសមាគម។

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តបន្ទាយមានជ័យ និងជាអនុប្រធានប្រចាំការ សមាគម បានអញ្ជើញឡើងមានមតិសំណេះសំណាល និង រាយការណ៍អំពីលទ្ធផលដែលសមាគមសម្រេចបានអនុវត្តកន្លងមក។

ទន្ទឹមគ្នានោះលោកក៏បានសំណូមពរដល់លោកអធិការនគរបាលក្រុង-ស្រុក នាយប៉ុស្ត៍រដ្ឋបាលឃុំ-សង្កាត់ទាំងអស់ ជួយស្រាវជ្រាវសមាជិកក្រុមគ្រួសារអតីតយុទ្ធជន ដើម្បីប័ណ្ណក្រីក្រជូនពួកគាត់ឲ្យបានគ្រប់គ្នា។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានធ្វើការផ្សព្វផ្សាយ អំពីដំណើរការ ការអនុវត្ត របៀបរបបការងារ ដល់សមាជិកក្រុមលេខាធិការដ្ឋាន លោកអធិការក្រុង/ស្រុកទាំង៩ និងលោកនាយប៉ុស្តិ៍រដ្ឋបាលទាំង៦៧ ត្រូវបំពេញការងារជូនគ្រួសារអតីតយុទ្ធជនឲ្យបានទាន់ពេលវេលា អនុវត្តការងារតាមឋានានុក្រម ធ្វើរបាយការណ៍បូកសរុប និងកំណត់របបប្រជុំប្រចាំខែឲ្យបានច្បាស់លាស់។

លោកក៏បានជម្រុញឲ្យសមាជិករបស់សមាគមទាំងអស់ ត្រូវលើកអំពីចំនុចខ្លាំង ចំនុចខ្សោយ សំណូមពរផ្សេងៗ ដើម្បីរួមគ្នាដោះស្រាយ និងដាក់ចេញជាផែនការយុទ្ធសាស្រ្ត ក្នុងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង
Open

Close