លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ៖ បើដល់ពេលចូលនិវត្តន៍សម្រាកពីការងារ គឺត្រូវគោរពតាម ដោយមិនរារែក ឬគេចវេស ជាដាច់ខាត!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ តាខ្មៅថ្មី និងទូរទស្សន៍ ព្រះនរាយណ៍ ដែលបានផ្សព្វផ្សាយវីដេអូ អមដោយខ្លឹមសារថា៖ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែល ម្នាក់ដល់ អាយុចូលនិវត្តន៍ហើយ បែរជាខំប្រឹងរត់ការពន្យាបន្តទៀត (ស្រុកស្អាង ខេត្តកណ្តាល)។

ក្រោយពីទទួលបានព័ត៌មានខាងលើរួចលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់ឱ្យក្រុមការងារប្រតិកម្មរហ័សធ្វើការស្រាវជ្រាវបំភ្លឺព័ត៌មានដូចខាងក្រោម៖

១-លោកវរសេនីយ៍ត្រី គង់ សំអាត អត្តលេខ ៤០៦៨០ ថ្ងៃខែឆ្នាំកំណើត ១១-សីហា-១៩៦៨ ឋាន: នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែល នៃអធិការដ្ឋាននគរបាលស្រុកស្អាង។

២-ស្នងការដ្ឋាននគរបាលខេត្ត មិនទាន់បានទទួលលិខិតជូនដំណឹងដាក់ឲ្យលោកវរសេនីយ៍ត្រី គង់ សំអាត បំពេញសំណុំបែបបទចូលនិវត្តន៍សម្រាកពីការងារនៅឡើយទេ។

៣-ចំពោះការលើកឡើងថា លោកវរសេនីយ៍ត្រី គង់ សំអាត គេចវេសពន្យាពេលចូលនិវត្តន៍នោះ គឺជាការមិនពិតឡើយ ដោយអនុវត្តតាមគោលការណ៍ច្បាប់ ជាពិសេស លក្ខន្តិក មន្រ្តីនគរបាលជាតិ នៅពេលដែលមានលិខិតជូនដំណឹងឱ្យសាម៉ីខ្លួនបំពេញសំណុំបែបបទចូលនិវត្តន៍សម្រាកពីការងារ គឺត្រូវគោរពតាមដោយមិនរារែក ឬគេចវេសជាដាច់ខាត។

ដោយឡែក ចំពោះការលើកឡើងថា លោកវរសេនីយ៍ត្រី គង់ សំអាត អសកម្មភាពក្នុងការបំពេញការងារ និងដឹកនាំបញ្ជាកងកម្លាំងក្រោមឱវាទនោះ ស្នងការដ្ឋាននគរបាលខេត្ត និងចាត់ឲ្យមន្រ្តីជំនាញចុះស្រាវជ្រាវអនុវត្តតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមជ្រាប និងកុំមានការភាន់ច្រឡំ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close