មេប៉ូលិសក្រុងភ្នំពេញ កំពុងសុំគោលការណ៍ ពី លោក ស សុខា ដើម្បីបណ្តេញ ជនជាតិចិន ម្នាក់នេះ ចេញពីកម្ពុជា..!
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបជាព័ត៌មាន៖ ដោយបានអនុញ្ញាតពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបំពេញឯកសារចំពោះជនជាតិចិនឈ្មោះ Chen Zhenwei ភេទប្រុស អាយុ៣៦ឆ្នាំ កាន់លិខិតឆ្លងដែន EH៧៧៨៧១៥៤ ដើម្បីសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេចបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពី ជនជាតិចិន រូបនេះ បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យអ្នកដទៃរងរបួស និងបើកបរក្រោមឥទ្ធិពលសារធាតុញៀន នៅក្នុងខណ្ឌចំការមន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។
ការសុំគោលការណ៍បណ្តេញចេញជនជាតិខាងលើក្រោយពីសមត្ថកិច្ចបានបញ្ជូនអនុវត្តតាមនីតិវិធីរបស់តុលាការ រួចហើយផងដែរ៕