ភ្នំពេញ៖ កម្លាំងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ខណ្ឌច្បារអំពៅ បានធ្វើការឃាត់រថយន្តដែល បំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន០១គ្រឿង។
សមត្ថកិច្ច បញ្ជាក់ថា កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង បានធ្វើការឃាត់រថយន្តបំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយសមត្ថកិច្ចបានឱ្យម្ចាស់រថយន្តដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់តទៀត។
ក្នុងករណីនេះដែរ ឯកឧត្តមស្នងការ ក៏បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទាំង១៤ខណ្ឌ និងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រូវត្រួតពិនិត្យ និងចាត់វិធានការចំពោះអ្នកដែលបំពាក់ និងកែច្នៃអំពូលភ្លើង ឧបករណ៍ ខុសលក្ខណៈបច្ចេកទេសខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់អ្នកដទៃ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ៕