កសិករ រងគ្រោះដោយភ្លេីងឆេះស្រូវ​ នៅស្រុកគិរីវង់ ខេត្តតាកែវ​ ទទួលបានយុត្តិធម៌​ និងថ្លែងអំណរគុណ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរជួយសម្រាលការលំបាក​ …!

ភ្នំពេញ ៖ បន្ទាប់ពីបានឃេីញព័ត៌មានតាមបណ្តាញសង្គម​ Tik Tok ស្តីពីករណីដុតស្រូវប្រជាកសិករនោះ,​ នៅរសៀល​ថ្ងៃទី​ ២៩​ ខែមករា​ ឆ្នាំ២០២៤នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន​លោក​ យន​ ឡាច​ អាយុ​ ៥៩​ឆ្នាំ​ ជាកសិកររងគ្រោះដោយការដុតស្រូវ​ រស់នៅភូមិសំរោងខាងលិច​ ឃុំគោកព្រេច​ ស្រុកគិរីវង់​ ខេត្តតាកែវ។

ក្នុងឱកាសនោះ​ លោកជំទាវ​អគ្គលេខាធិការរងទី​១​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ និងការសោកស្តាយចំពោះហេតុការណ៍ខាងលេីនេះ​ ជាពិសេសផ្តាំផ្ញេីដល់បងប្អូនប្រជាកសិករទាំងអស់​ សូមមានការប្រុងប្រយ័ត្ន​កុំឱ្យមានករណីដូចនេះកេីតឡេីងទៀត​ ត្រូវចេះយោគយល់​គ្នា​ អធ្យាស្រ័យគ្នា​ ក្នុងនាមជាខ្មែរដូចគ្នា​ និងត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី។ លោកជំទាវ​ បានផ្តាំផ្ញេី​សូមថែទាំសុខភាពឱ្យបានល្អ​ បន្តប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតដេីម្បីលេីកកម្ពស់ជីវភាពគ្រួសារ។

ជាកិច្ចឆ្លេីយតប​ លោក​ យន​ ឡាច​ មានក្តីរំភេីបរីករាយ​ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរពីសុខទុក្ខ​ លេីកទឹកចិត្ត​ ព្រមទាំងឧបត្ថម្ភ​គ្រឿងឧបភោគបរិភោគ​ សម្ភារប្រេីប្រាស់​ និងថវិកា​ ១០លានរៀល​ ដេីម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ។ លោក​ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន​ ដែលបានជួយដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធី​ ទទួលបានយុត្តិធម៌​ ក្រោមម្លប់សន្តិភាព​ និងការអភិវឌ្ឍ។

បន្ទាប់ពីកម្មវិធីខាងលេីនេះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ និងសហការី​ រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា​ ខេត្តតាកែវ​ និងអនុសាខាស្រុកគិរីវង់​ បានបន្តចុះសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនចាស់ឥតទីពឹងចំនួន​ ៣៨គ្រួសារ​ រស់នៅក្នុងឃុំគោកព្រេច​ ស្រុកគិរីវង់​ ខេត្តតាកែវ​ ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកយាយលោកតាទាំងអស់​ លោកជំទាវ​អគ្គលេខាធិការរងទី​១​ បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ​ និងការគិតគូរពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចំពោះលោកយាយលោកតាទាំងអស់​ និងផ្តាំផ្ញេីសូមថែទាំសុខភាព​ឱ្យបានល្អ​ បរិភោគមានអនាម័យ​ មានអាហារូបត្ថម្ភ​ត្រឹមត្រូវ​ កុំហូបប្រៃពេកផ្អែមពេក​ខ្លាញ់ពេក​ និងគ្រឿងស្រវឹង​ ដែលបង្កឱ្យមានជំងឺផ្សេងៗ។ ជាមួយគ្នានេះ​ សូមចូលរួមថែរក្សាការពារ​បរិស្ថាន​ កាត់បន្ថយការប្រេីប្រាស់ថង់ប្លាស្ទិក​ ដេីម្បីសុខភាពល្អរបស់យេីងទាំងអស់គ្នា​ និងភពផែនដីទាំងមូល។

សូមបញ្ជាក់ថា​ គ្រួសារនីមួយៗទទួលបាន​ ៖​ អង្ករ​ ២៥គីឡូក្រាម​,​ មី​ ១កេស​,​ ត្រីខ​ ១០កំប៉ុង​,​ ទឹកស៊ីអ៊ីវ​ ឬទឹកត្រី​ ១យួរ​ និងឃីត​ (មុង​ ភួយ​ សារុង​ ក្រមា)​ ១កញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close