កំពង់ឆ្នាំង ៖ យោងតាមសេចក្ដីរាយការណ៍បានប្រាប់ថា នៅក្នុងភូមិក្រសាស់ថ្មី ឃុំឈូកស ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង មានលួចលាក់បើកល្បែងជល់មាន់តាមអនឡាញ និងឡូតូ ដោយមានមនុស្សម្នា និងរថយន្ត ម៉ូតូ ចេញចូលមិនសូវដាច់ ប៉ុន្តែគេមិនសូវឃើញសមត្ថកិច្ច ឬអាជា្ញធរពាក់ព័ន្ធចុះមកហាម ឬបង្រ្កាបឡើយ ឬមួយអាជា្ញធរមានសមត្ថកិច្ចមិនបានដឹងពីទីតាំងទាំងនេះ ។
ពលរដ្ឋបានផ្ញើរសារមកកាន់អង្គភាពសារព័ត៌មាន Cam Post នៅថ្ងៃទី២៩ ខែមករា សូមឱ្យជួយទម្លាយប្រាប់ដល់ថ្នាក់លើបានដឹងនិងបានជ្រាបដើម្បីកុំឱ្យអ្នកបំពានច្បាប់ចេះតែហ៊ាន ។ ពលរដ្ឋបានលើកឡើងថា ក្នុងមួយថ្ងៃៗ អ្នកញៀនល្បែងតែងចូលទៅភ្នាល់ឬលេងមិនក្រោមពី២០លានរៀលទេ ដោយអ្នកខ្លះចាញ់រហូតដាក់បញ្ចាំរថយន្ត ម៉ូតូ ថែមទៀតផង ។ ទីតាំងនេះ ចាប់ផ្ដើមបើកចន្លោះពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១១ និងបន្ត ចន្លោះម៉ោង២រសៀល រហូតដល់ពាក់កណ្ដាលយប់ ។
ពលរដ្ឋថា ទីតាំងនេះ មិនពិបាករកទេ បើអាជា្ញធរ ឬ សមត្ថកិច្ច មូលដ្ឋាន ចង់បង្រ្កាបនោះ ដោយគ្រាន់តែធ្វើដំណើរតាមផ្លូវជាតិលេខ៥ រហូតដល់ផ្សារថ្នល់ទទឹង បត់ឆ្វេងប្រហែល១០០ម៉ែត្រ នោះនឹងឃើញទីតាំងហើយ គឺនៅខាងឆ្វេងដៃ។
ប្រជាពលរដ្ឋ សំណូមពរ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជួយស្រាវជ្រាវ ឈានដល់ការបង្ក្រាបផង៕