ពលរដ្ឋ ថ្លែងអំណរគុណដល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប ដែលបានអនុវត្តនូវបទបញ្ជាយ៉ាងម៉ត់ចត់របស់ថ្នាក់ដឹកនាំ ក្នុងការពន្លឿនការដោះស្រាយជូនជនរងគ្រោះ

ខេត្តកែប៖ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២៣.៤៥ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តពាក់ផ្លាកលេខភ្នំពេញ 2BJ.4165 បើកល្បឿនលឿនលើផ្លូវកោង បណ្តាលឱ្យបុកម៉ូតូ ផ្លាកលេខ កំពត 1P.6067 ក្នុងទិសដៅបញ្រ្ចាសគ្នា លើផ្លូវជាតិលេខ ៣៣ ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលបណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុទាំងពីរនាក់ប្តីប្រពន្ធ។

សាកសពទាំងពីរអ្នកប្តីប្រពន្ធ ត្រូវបានរថយន្តសង្រ្គោះរបស់មណ្ឌលសុខភាពឃុំពងទឹកដឹកប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ។ គ្រួសារជនរងគ្រោះ បានដាក់ពាក្យបណ្តឹងមកតុលាការខេត្តកែប ដើម្បីដោះស្រាយរកយុត្តិធម៌ជូនគ្រួសារសព។

មកដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៤ នេះ កូនរបស់ជនរងគ្រោះបានមកទទួលសំណង និងទទួលម៉ូតូទៅប្រើប្រាស់វិញ ព្រមទាំងថ្លែងអំណរគុណដល់ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកែប ព្រមទាំងក្រឡាបញ្ជី ដែលបានជួយសម្របសម្រួលលឿនឆាប់រហ័សទាន់ចិត្ត ជូនជនរងគ្រោះដើម្បីយកទៅចាត់ចែងរៀបចំពិធីបុណ្យសពជូនឪពុកម្តាយ។ 

សូមថ្លែងអំណរគុណដល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប ព្រមទាំងអាជ្ញាធរ មានសមត្ថកិច្ចទាំងអស់ ដែលបានអនុវត្តនូវបទបញ្ជាយ៉ាងម៉ត់ចត់របស់ថ្នាក់ដឹកនាំ ក្នុងការពន្លឿនការដោះស្រាយជូនជនរងគ្រោះក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលករណីបទល្មើសចរាចរណ៍ គឺជាករណី អាទិភាពមួយនៅក្នុងដំណើរការ នៃការអនុវត្តយុទ្ធនាការ  ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌។

អត្ថបទដែលជាប់ទាក់ទង
Open

Close