តុលាការ សម្រេចដាក់គុក បណ្តោះអាសន្ន ករណី ជួញដូរសរីរាង្គ (តម្រងនោម) ឆបោកប្រាក់ នៅមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី (Metro RLV Polyclinic)
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលព័ត៌មាន តាមសារពត៌មាន ក្នុងស្រុកមួយ ថា មាន ករណី ជួញដូរសរីរាង្គ (តម្រងនោម) ឆបោកប្រាក់ នៅមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី (Metro RLV Polyclinic)។ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកជំទាវ ឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការបំភ្លឺជនរងគ្រោះចំនួន០១នាក់ តាមប្រព័ន្ធតេឡេក្រាម ទទួលពាក្យបណ្តឹងជនរងគ្រោះចំនួន០១នាក់ និងទទួលពាក្យបណ្តឹងតំណាងឲ្យជនរងគ្រោះចំនួន០៦នាក់។
សូមជម្រាបថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយមានការ បញ្ជាផ្ទាល់ពីលោកជំទាវឧត្តមសេនីយ៍ទោ សុឹម ផាណុំ ប្រធាននាយកដ្ឋាន និងសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាប និងឃាត់ខ្លួន ជនប្រព្រិត្តល្មេីស ករណីជួញដូរសរីរាង្គ និងឆបោក នៅឃុំចុងផ្លាស ស្រុកកែវ សីមា ខេត្ត មណ្ឌលគីរី ដោយមានការសហការល្អ ពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ នាយកដ្ឋាន បានកសាងសំណុំរឿង និងជនសង្ស័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
នៅថ្ងៃទី ២៥ មករា ២០២៤ តុលាការ បានចាត់ការតាមនីតិវិធី និងចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែម១។