លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បញ្ជាស្រាវជ្រាវបន្ទាន់ ករណី គណនីហ្វេសប៊ុក ឈ្មោះ Chow Srey Nick បង្ហោះវីដេអូ រឿង ប៉ូលិសចរាចរណ៍ សុំលុយ…!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Chow Srey Nick ដែលបានបង្ហោះវីដេអូ មានរយៈពេលមួយនាទី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ មានខ្លឹមសារថា៖ បងប្អូនទាំងអស់គ្នា ចាំជួយពិចារណាមើលណា ឡានខ្ញុំចំហរក្តិតចឹងនៀក ហើយដឹកអីវ៉ាន់តិចប៉ុណ្ណឹង ខ្ញុំដឹកឲ្យប្អូនខ្ញុំរៀននៅភ្នំពេញ បើថាខ្ញុំទម្លាក់ក្បាំងអី មិនថាទេ ប៉ុន្តែប៉ូលិសចរាចរណ៍នៅខាងហួសស្ពានព្រែកក្តាមមកប្រហែល១០០ម៉ែត្រ ២០០ម៉ែត្រមុខមុនម៉ិញហ្នឹងហាស់ ចាប់ថាខ្ញុំដឹកម៉ូតូហ្នឹងខុសបច្ចេកទេស ហើយបើថាឡានហ្នឹង ឡានឃ្លុបអីទៅអត់ទេ ឡានចំហរក្តិត រួចម៉េចម៉ុងអត់ឲ្យគេដឹកអីវ៉ាន់អីទេ រួមដឹកម៉ូតូឲ្យប្អូនជិះរៀននៅភ្នំពេញ ហីបើសិនម៉ូតូហ្នឹងខូចដឹកឡានអញ្ចឹងខុសបច្ចេកទេសដែរមែន រួចសុំសម្រួល ឲ្យលុយប្រាំពាន់ ហឹះឲ្យលុយប្រាំពាន់ម៉េចកើតបង ហ៊ឺប្រឹងសុំសម្រួលគេ បើថាសុំលុយគេតែម្តងខ្ញុំអត់ខឹងទេ តែសុំសម្រួលគេ អ៊ឺសប៉ូលិសស្រុកខ្មែរសុំខ្លាចហើយ និយាយមែនណាវាអត់មានអីចាប់ដោយសារឡានធំៗអត់បើកតាមផ្លូវជាតិ និយាយមែនខ្ញុំញ័រសាច់ហ្មង ខ្ញុំញ័រសាច់ហ្មងមើលអ្នកណា បងប្អូនណាដែលចេះច្បាប់ជួយប្រាប់ខ្ញុំបន្តិច។
ក្រោយពីទទួលបានព័ត៌មានខាងលើរួច លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យផែនការងារនគរបាលសណ្តាប់ធ្នាប់ ស្រាវជ្រាវករណីខាងលើដើម្បីបំភ្លឺជូនសាធារណជនឲ្យបានច្បាស់ ជាលទ្ធផល៖
១.តាមការបំភ្លឺរបស់ លោកវរសេនីយ៍ទោ រិន រ៉ាមី អត្តលេខ ៧៧១៣៧ ឋានៈ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ជាប្រធានក្រុមប្រតិបត្តិការត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅពេលថ្ងៃបានឲ្យដឹងថា ៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្រុមរបស់លោកបានចុះអនុវត្តការងារត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅពេលថ្ងៃ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ២៧-២៨ ត្រង់ចំណុចភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ក្នុងពេលកំពុងអនុវត្តការងារ គឺពុំបានឃើញ ឬឃាត់រថយន្តខាងលើនៅគោលដៅ ដើម្បីត្រួតពិនិត្យបច្ចេកទេស ឬឯកសារ ដូចគណនីហ្វេសប៊ុកឈ្មោះ Chow Srey Nick ដែលបានបង្ហោះឡើយ ប៉ុន្តែប្រសិនបើមានករណីដូចដែលគាត់បានរៀបរាប់ដូចមានក្នុងវីដេអូខាងលើ ខ្ញុំបាទវរសេនីយ៍ទោ រិន រ៉ាមី សូមអភ័យទោសចំពោះកំហុសឆ្គងខ្វះខាតរបស់មន្ត្រីក្រោមឱវាទរបស់ខ្ញុំបាទពេលកំពុងអនុវត្តការងារ ហើយនឹងធ្វើការដាក់វិន័យចំពោះមន្ត្រីរូបណាដែលអនុវត្តផ្ទុយពីច្បាប់។
២.ផ្អែកតាមរូបភាពវីដែអូ ដែលបានបង្ហោះរៀបរាប់ខាងលើ គឺមិនមែននៅគោលដៅត្រួតពិនិត្យអនុវត្តច្បាប់ត្រង់ចំណុចភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល និងគ្មានរូបភាពមន្ត្រីនគរបាលចរាចរណ៍ណាម្នាក់ដែលអនុវត្តមិនត្រឹមត្រូវតាមច្បាប់ ដែលផ្ទុយពីការរៀបរាប់របស់គណនីហ្វេសប៊ុកខាងលើ។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប និងកុំមានការភាន់ច្រឡំ៕