ម្ចាស់គណនី NeNe ផុស «ខ្លឹមសារ វាយប្រហារ ចោទប្រកាន់ មកលើ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ត្រូវជាពូ របស់ជនល្មើស ជាអ្នកការពារ និងបិទសំណុំរឿង ស៊ីលុយរបស់ជនល្មើសដែលបានកាប់ប្អូនប្រុសខ្លួនបណ្តាលឱ្យស្លាប់»..បំភ្លឺ…!
ខេត្តតាកែវ៖ ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមធ្វើការបំភ្លឺ និងបដិសេធទាំងស្រុងចំពោះគណនីហ្វេសប៊ុកឈ្មោះ NeNe Love ដែលបានផុសនូវខ្លឹមសារវាយប្រហារ ចោទប្រកាន់មកលើលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ត្រូវជាពូរបស់ជនល្មើស ជាអ្នកការពារ និងបិទសំណុំរឿង ស៊ីលុយរបស់ជនល្មើសដែលបានកាប់ប្អូនប្រុសខ្លួនបណ្តាលឱ្យស្លាប់។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីឃាតកម្ម នៅចំណុចផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យមួយក្រុម កាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ែត កុសលសិទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង បណ្តាលឱ្យស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូតាម។
ក្រោយពេលកើតហេតុ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងអធិការនគរបាលស្រុកពាក់ព័ន្ធ ចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ផែន រ៉ាឌី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិក្រពុំឈូក ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ បន្ទាប់ពីសាកសួរ កម្លាំងជំនាញបន្តឃាត់ខ្លួនជនសង្ស័យ០៣នាក់ទៀតនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ រួមមានឈ្មោះ សន វណ្ណរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ទី២ឈ្មោះ ស៊ឹម ចន្នី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិអណ្តូងកៀន ឃុំភ្នំដិន ស្រុកគិរីវង់(ជនដៃដល់) និងទី៣ឈ្មោះ សុខ សេមសេរីវឌ្ឍនៈ ភេទប្រុស ងាយុ១៦ឆ្នាំ មានទីលំនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។
ក្រោយធ្វើការសាកសួរ ជនសង្ស័យទាំង៤នាក់បានសារភាពថាពិតជាបានធ្វើសកម្មកាប់ជនរងគ្រោះប្រាកមែន មូលហេតុព្រោះក្រុមខ្លួនមានរឿងនៅកន្លែងផ្សេង ពេលជិះមកដល់កន្លែងកើតហេតុឃើញជនរងគ្រោះជិះម្នាក់ឯងក៏កាប់ពីក្រោយតែម្តង។
ករណីនេះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ បានយកចិត្តទុកដាក់ ដឹកនាំបញ្ជាតាមស្រាវជ្រាវរហូតបង្ក្រាបជនសង្ស័យបាន និងបានកសាងសំណុំរឿងតាមនីតិវិធី ទៅសាលាដំបូងខេត្តតាកែវ ដោយមិនមានលម្អៀង ឬមានការបិទបាំងព័ត៌មាន បិទសំណុំរឿងការពារជនល្មើសនោះឡើយ ។
មួយវិញទៀត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ក៏មិនមានពាក់ព័ន្ធជាសាច់ញាតិ បងប្អូន ជនល្មើសក្នុងករណីនេះ ដូចការចោទប្រកាន់របស់ម្ចាស់គណនីNeNe Love នោះដែរ។
សេចក្តីបំភ្លឺ និងបដិសេធនេះ ម្ចាស់គណនីNeNe Love ត្រូវកែប្រែខ្លឹមសារ និងធ្វើការបំភ្លឺឆ្លើយតបជាសារធារណៈ ដើម្បីបង្ហាញភាពត្រឹមត្រូវ និងសុំទោសចំពោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ដែលម្ចាស់គណនី បានចោទប្រកាន់ទាំងបំពាន បំភ្លើសទាំងស្រុងនូវការពិត បង្កឱ្យមានការយល់ច្រឡំមកលើភាពដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏ដូចជាអង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តតាកែវទាំងមូល លើសពីនេះ ក៏បង្កឱ្យមានការប្រមាថ ពីសំណាក់មហាជនលើបណ្តាញសង្គមហ្វេសប៊ុក ដែលមិនបានយល់ពីរឿងហេតុច្បាស់លាស់។
ស្នងការដ្ឋាននគរបាលខេត្តតាកែវ សង្ឃឹមថា ម្ចាស់គណនី NeNe Love និងសហការជាមួយសមត្ថកិច្ច ដើម្បីជៀសវៀងទទួលខុសត្រូវចំពោះមុខច្បាប់។