ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺជូនសាធារណៈជន៖ទាក់ទងការផ្សព្វផ្សាយតាមបណ្តាញសង្គម ករណីយុវជន០៥នាក់និយាយរៀបរាប់ ថាមានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ចាប់ឃាត់ម៉ូតូនិងគាបយកលុយតាមដងផ្លូវ កាលពីយប់អធ្រាត្រថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅគោលដៅខាងមុខការាស់សាំងតេលា ផ្លូវវេងស្រេង។
ពាក់ព័ន្ធនឹងករណីខាងលើ ក្រោយពីមានការផ្សាយព័ត៌មាន តាមបណ្ដាញសង្គមបែបនោះ។
នៅយប់ថ្ងៃដដែលសមត្ថកិច្ច បានកោះហៅយុវជនទាំង៥នាក់ មកសួរនាំបំភ្លឺ។ ក្រោយពីបំភ្លឺរួចយុវជនទាំង៥នាក់ បានប្រាប់ថាមិនមែនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យនោះទេ ពួកគេមិនច្បាស់ថាសមត្ថកិច្ច ខាងណានោះឡើយ។
ពាក់ព័ន្ធករណីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីស្រាវជ្រាវ ជាបន្ទាន់រកមុខសញ្ញា ដើម្បីអនុវត្តវិធានការណ៍ច្បាប់៕




