ពលរដ្ឋ ផ្ញើសារ ផ្ដល់ព័ត៌មាន ចូលក្នុងតេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន ថា នៅស្រុកឆ្លូង មានមន្រ្តីពាក់ព័ន្ធខោអាវស៊ីវិល មកប្លន់ដីប្រជាពលរដ្ឋទៅវិញ រដ្ឋបាលខេត្តក្រចេះ បំភ្លឺដូចខាងក្រោម

រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូន លោក លឹម សុខឈង សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ជ្រាបថា កន្លងមកនេះមានគណនីតេឡេក្រាមឈ្មោះ គ្រូ ឈង បានផ្ញើសារផ្ដល់ព័ត៌មានចូលក្នុងតេឡេក្រាម សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានខ្លឹមសារថា “សម្ដេចពុក សម្ដេច ម៉ែ និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បុត្រា បុត្រី ទាំងប្រឹង ប្រែង តស៊ូ ជាតិ សាសនាព្រមទាំងប្រជាពលរដ្ឋអោយរស់សុខសប្បាយ។ 

តែពេលនេះ នៅភូមិហាន់ជ័យ ឃុំហាន់ ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ មានមន្រ្តីពាក់ព័ន្ធខោអាវស៊ីវិលមកប្លន់ដីប្រជាពលរដ្ឋទៅវិញ។ អស្ចារ្យ ណាស់ រំដួល ស្រុកខ្ញុំ ”។

រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនថា នៅក្នុងឆ្នាំ២០២០ មានគ្រោះទឹកជំនន់ទន្លេមេគង្គដែល បណ្ដាលឱ្យបាក់ច្រាំងទន្លេខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២១គ្រួសារ នៅឃុំឆ្លូង ស្រុកឆ្លូង ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្ត បានស្នើសុំរាជរដ្ឋាភិបាល កាត់ផ្ទៃដីចំនួន ៣,៧៧ហិកតា (ដីចំការម៉ៃសាក់) ស្ថិតនៅភូមិហាន់ ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ចេញពី ការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ជាដីសម្បទានសង្គមកិច្ច ដោយរៀបចំជា ឡូតិ៍ដីចំនួន ៩០ ឡូតិ៍ ដីបម្រុងទុកចំនួន ១,២៨៥ហិកតា រក្សាទុកសម្រាប់ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់បណ្ដាលមកពីបាក់ច្រាំងទន្លេជាបន្តទៀត។ ក្នុងនោះបានផ្ដល់ជូន ប្រជាពលរដ្ឋរងគ្រោះ ចំនួន ២១ ឡូតិ៍ និងដីតំបន់រដ្ឋបាលចំនួន ៦ឡូតិ៍ ផ្ដល់ជូនប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំហាន់ជ័យ សម្រាប់សាងសង់ប៉ុស្ដិ៍ចំនួន ៣ឡូតិ៍ នៅក្នុងឆ្នាំ២០២៤។  

ដោយកន្លងមកនេះ ឈ្មោះ លឹម សុខឈង បច្ចុប្បន្នរស់នៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ បុគ្គលនេះ បានធ្វើសកម្មភាពចូលទន្រ្ទាន និងកាន់កាប់ដីសម្បទានសង្គមកិច្ច ខាងលើជាច្រើនលើក។ ថ្មីៗនេះ បុគ្គលនេះបានសង់រោងដែក ដាំដុះដំណាំ និងដាំបង្គោលភ្លើងបំពាក់សូឡា នៅលើទីតាំងដី សម្បទានសង្គមកិច្ច ទោះបីជាអាជ្ញាធរឃុំ និងស្រុក បានណែនាំ ដោះស្រាយ និង ហាមឃាត់ ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏បុគ្គលនេះ មិនអនុវត្តតាមការណែនាំឡើយ។

ជុំវិញករណីខាងលើនេះ ទីតាំងដីសម្បទានសង្គមកិច្ចចំការព្រៃម៉ៃសាក់ ស្ថិតនៅភូមិហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ មានស្ថានភាពស្ងប់ស្ងាត់ ប្រជាពលរដ្ឋទទួលបានដីសម្បទានសង្គមកិច្ចរស់នៅជាធម្មតា មានតែឈ្មោះ លឹម សុខឈង ម្ចាស់គណនីតេឡេក្រាម ឈ្មោះ គ្រូ ឈង នេះទេដែលចូលទៅទន្រ្ទានកាន់កាប់ នៅទីតាំងដីសម្បទានសង្គមកិច្ចនោះ។

ដូច្នេះការផ្ញើសារផ្ដល់ព័ត៌មានចូលក្នុងតេឡក្រាម សម្ដេចតេជោ គឺជាការបំភាន់ព័ត៌មាន និងប្រឌិតរឿងឡើងក្នុងគោលបំណងបង្ខូចកិត្តិយសមន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន។

អត្ថបទដែលជាប់ទាក់ទង
Open

Close