ប៉ុន្មានថ្ងៃមុន អភិបាលក្រុង ផុស ហ្វេសប៊ុក ថ្ងៃនេះ អភិបាលខេត្ត ផុស ម្តង..!

ខេត្តព្រះសីហនុ៖ តាមរយៈទំព័រហ្វេសប៊ុក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២២ មករា ២០២៤ មានខ្លឹមសារថា ៖ តាមបណ្ដោយឆ្នេរ​ យើងមានបន្ទប់ទឹកសាធារណៈ​ រួចហើយយដែរ​ តែសុខចិត្តដើរមកបន្ទោបង់ដាក់របងទៅវិញ​ ។

អភិបាលខេត្តព្រះសីហនុ ៖ ប្រាប់ហើយថាកុំ​ តែខ្ញុំមានរូបគឺបង្ហោះហើយ​ អរគុណ អ្នកថតរូបផ្ញើមក​ ។




គួររំលឹកផងដែរថា កាលពី ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នំា២០២៤ ក្រសួងអភិវឌ្ឍជនបទ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលា ស្តីពីការពន្លឿនការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិ បាលរងខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព នាយកប្រតិ បត្តិអង្គការភ្លែនអន្តរជាតិកម្ពុជា មេឃុំ ចៅសង្កាត់ នៅសណ្ឋាគារសុខា។

លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ ស្តីពីការពន្លឿនបញ្ឈប់បន្ទោបង់ពាសវាលពាសកាល តាមរយៈការផ្សព្វផ្សាយ ផ្តល់សម្ភារសម្រាប់សាងសង់បង្គន់អនាម័យរបស់ក្រសួងអភិវឌ្ឍជនបទមានការកើនឡើងជាបន្តបន្ទាប់ក្នុងនោះ ក្រុងកោះរ៉ុង ខ្នងផ្ទះមានបង្គន់អនាម័យ ៧៨.៣៣ភាគរយ មានទឹកស្អាត ៧៤.៨០ភាគរយ ស្រុកព្រៃនប់ ខ្នងផ្ទះមានបង្គន់អនាម័យ ៨១.៧៣ភាគរយ ទឹកស្អាត ៩៣.៨០ ភាគរយ ស្រុកកំពង់សីលា ខ្នងផ្ទះមានបង្គន់អនាម័យ ៧២.៦០ភាគរយ ទឹកស្អាត ៨៨.១០ភាគរយ ស្រុកស្ទឹងហាវ ខ្នងផ្ទះមានបង្គន់អនាម័យ ៨២ភាគរយ ទឹកស្អាត ៩២.៤០ភាគរយ។ ដោយឡែកក្រុងព្រះសីហនុ ត្រូវបានប្រកាសជាក្រុងដែលទទួលបាន ODF រួចហើយ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ បើកសិក្ខាសាលាពិនិត្យវឌ្ឍនភាពនៃការសម្រេចស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាល ពាសកាល និងធ្វើការកំណត់គោលដៅ ODF ឈានឆ្ពោះទៅសម្រេចបានជាខេត្ត ODF នៅដំណាច់ឆ្នាំ២០២៤ ឬដើមឆ្នាំ ២០២៥ខាងមុខ និងបានដាក់ចេញនូវទិសដៅអនុវត្តបន្ទាន់សម្រាប់ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ស្រុកកំពង់សីលា និងក្រុងកោះរ៉ុង ដូចខាងក្រោម៖

១-រដ្ឋបាលក្រុង-ស្រុក បែងចែកតួនាទីទទួលខុសត្រូវ ទទួលបន្ទុកចុះតាមឃុំ-សង្កាត់នីមួយៗ ដើម្បីជំរុញការសាងសង់បង្គន់អនាម័យ។

២-រដ្ឋបាលឃុំ-សង្កាត់ ត្រូវបែងចែកការទទួលខុសត្រូវទទួលបន្ទុកតាមភូមិនីមួយៗ ដើម្បីជំរុញការសាងសង់បង្គន់ និងការរីកចម្រើនចំនួនបង្គន់អនាម័យមករដ្ឋបាលក្រុង-ស្រុក

៣-ត្រូវបញ្ចូលកញ្ចប់ថវិកាអភិវឌ្ឍន៍របស់ក្រុង-ស្រុក ឃុំ-សង្កាត់ ឱ្យបានជាអតិបរិមាទៅលើសកម្មភាពទឹកស្អាត និងអនាម័យជនបទ។ ស្វែងរកជំនួយបច្ចេកទេស សម្ភារៈ និងថវិកាដំណើរការរៀបចំផ្ទៀងផ្ទាត់ ODF ភូមិ ឃុំ សង្កាត់ដែលមានបង្គន់អនាម័យ។

៤-បន្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ៧ចំណុច ជាពិសេសចំនុចទី៦ ស្តីពី«អនាម័យ សោភ័ណល្អ និងបរិស្ថានល្អ» តាមដានត្រួតពិនិត្យទីតាំងសាធារណៈអំពីការគ្រប់គ្រងអនាម័យ បរិស្ថាន ឈលើគោលការណ៍ «ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង»។

៥-ដឹកនាំយុទ្ធនាការសំអាតអនាម័យតាមទីសាធារណៈនានាក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងតាមដងផ្លូវសាធារណៈជាដើម ពិសេសត្រូវចលនាដាក់ធុងសំរាម និងការទុកដាក់សំរាមក្នុងធុងឲ្យបានត្រឹមត្រូវ

៦-ស្រុកព្រៃនប់ ស្នើឲ្យមេឃុំ និងក្រុមការងារវាយតំលៃស្រុកត្រូវជំរុញល្បឿនធ្វើយ៉ាងណាឲ្យបានធ្វើពិធីប្រកាស ODF ស្រុក ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទី២ បន្ទាប់ពីក្រុងព្រះសីហនុ

៧- គ្រប់កន្លែងធ្វើការរបស់ស្ថាប័នរដ្ឋ និងវិស័យឯកជនត្រូវទទួលខុសត្រូវពីបន្ទប់ធ្វើការងារ និងបន្ទប់ទឹកដោយធានាថា មានអនាម័យស្អាតជានិច្ច។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំឱ្យលោកអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ជំរុញប្រជាពលរដ្ឋចូលរួមលើសកម្មភាពអនាម័យ ផ្តើមចេញពីខ្លួនឯង គ្រួសារ និងសហ គមន៍ការផ្លាស់ប្តូរទម្លាប់ពីការបន្ទោបង់ពាសវាលពាសកាល មកជាការសាងសង់បង្គន់អនាម័យប្រើប្រាស់ បរិភោគទឹកមានសុវត្ថិភាព លាងដៃជាមួយសាប៊ូ ដើម្បីទទួលបានសុខភាពល្អ កាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ យើងត្រូវជំរុញឱ្យខេត្តរបស់យើងទទួលបាន ODF បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលឆ្នាំ២០២៤ ហើយវិធីសំខាន់គឺ យើងត្រូវគាំទ្រដល់គ្រួសារក្រីក្រនៅតាមជនបទ ដើម្បីជំរុញឱ្យខេត្តរបស់យើងទទួលបាន ODF ជាខេត្តទេសចរណ៍។

ឯកឧត្តម បានបញ្ជាក់ថា យើងត្រូវប្រែក្លាយបន្ទប់ទឹកសាធារណៈ ជាគោលដៅទេសចរណ៍ ហើយសម្រាប់ខេត្តព្រះសីហនុ បានសាងសង់បន្ទប់ទឹកសាធារណៈនៅតាមតំបន់ឆ្នេរចំនួន ៩បន្ទប់ ហើយបន្ទប់ទឹកនីមួយៗយើងបានធ្វើការប្រែក្លាយអារម្មណ៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរលែងស្អប់ខ្ពើមបន្ទប់ទឹក ព្រោះបន្ទប់ទឹកនៅតាមឆ្នេររបស់យើងមានភាពស្អាត មានការលក់ដូរនូវផលិតផលទេសចរណ៍សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់លោក លោកស្រីមេឃុំ ចៅសង្កាត់នៅទូទាំងខេត្តបន្តផ្សព្វផ្សាយការបន្ទោបង់ពាសវាលពាសកាល ទៅនឹងគោលនយោបាយប្រឡងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយជាសាធារណៈ នៃការបន្ទោបង់ពាសវាលពាសកាល នៅតាមទីសាធារណៈ ក៏ប៉ុន្តែការថតផ្សព្វផ្សាយឱ្យមានក្រមសីលធម៌វិជ្ជាជីវៈ ហើយប្រជាពលរដ្ឋ ក៏អាចថតបង្ហោះបាន ចំពោះអ្នកដែលបន្ទោបង់នៅតាមទីសាធារណៈផងដែរ ដើម្បីប្រែក្លាយប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២៤នេះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close