ប៉ូលិសចរាចរណ៍ទៀតហើយ! កំពុងស្នើសុំគោលការណ៍ ពី មេប៉ូលិសក្រុងភ្នំពេញ ដើម្បីពិនិត្យសម្រេច..!

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម និងTikTok ជុំវិញការបង្ហោះវិដេអូរបស់ស្ត្រីម្នាក់ទាក់ទងមន្រ្តីនគរបាលចរាចរណ៍ឈរជើងនៅគោលដៅស្តុបចេនឡា ឃាត់រថយន្តធ្វើឱ្យឆ្កូតថ្នាំរថយន្ត។ បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ ហើយនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានកោះហៅមន្ត្រីនគរបាលចរាចរណ៍ចំនួន០៣នាក់ និងអ្នកពាក់ព័ន្ធ ឱ្យចូលខ្លួនមកបំភ្លឺ ជុំវិញបញ្ហាការបង្ហោះវិដេអូនោះ។

សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មានស្ត្រីម្នាក់បើកបររថយន្ត(អូឌី) ពណ៌ស តាមផ្លូវមហាវិថីម៉ៅសេទុងគោលបំណងមកម្តុំបឹងសាឡាង លុះដល់ស្តុបចេនឡា ផ្សារដើមគរ ខណ្ឌទួលគោក ក៏បើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (លោតសញ្ញាពណ៌លឿងហើយ រថយន្តនោះមិនទាន់ជាន់នៅលើគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់) ហើយគាត់បន្តដំណើរទៅមុខទៀត ទើបសមត្ថកិច្ច នៅគោលដៅនោះធ្វើការឃាត់រថយន្តគោលបំណងដើម្បីសួរនាំ ប៉ុន្តែម្ចាស់រថយន្តមិនព្រមឈប់ទៅតាមមន្ត្រីចរាចរណ៍បញ្ជាប្រាប់នោះទេ គឺម្ចាស់រថយន្តព្យាយាមបើកគេចពីកន្លែងសមត្ថកិច្ចអនុវត្តច្បាប់ ទើបធ្វើឱ្យសមត្ថកិច្ច ម្នាក់គេចពីរថយន្ត ហើយប៉ះទៅ និងវិទ្យុទាក់ទង (ID) កាន់នៅដៃរបស់មន្រ្តីម្នាក់បណ្តាលឱ្យឆ្កូតថ្នាំរថយន្តដោយអចេតនា។

ក្រោយពីសួរនាំរួច ម្ចាស់រថយន្តក៏បានប្រាប់សមត្ថកិច្ចដោយសារគាត់ខឹងពេកមានអារម្មណ៍ឆេវឆាវដោយសារឃើញរថយន្តឆ្កូតថ្នាំទើបនិយាយជ្រុលជ្រោះប៉ះពាល់ដល់សមត្ថកិច្ច និងធ្វើការបកស្រាយកែសម្រួលពាក្យសម្ដីគាត់ឡើងវិញ។

ដោយឡែក មន្រ្តីនគរបាលចរាចរណ៍ចំនួន៣នាក់ ដែលឃាត់រថយន្តបណ្តាលឱ្យប៉ះពាល់រថយន្តប្រជាពលរដ្ឋ បច្ចុប្បន្ន កំពុងសុំគោលការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច៕

អត្ថបទដែលជាប់ទាក់ទង
Open

Close