បែកការបាត់! លោកផ្កាយ១ ស្នងរងខេត្តកំពង់ស្ពឺម្នាក់ ក្លែងឯកសារ លួចរៀបការប្រពន្ធថ្មី ខណៈ ប្រពន្ធដើម មិនទាន់លែងលះ
កំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ដែលគេស្គាល់យ៉ាងច្បាស់ថា ជាស្នងការរងនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានលួចរៀបការប្រពន្ធម្នាក់ទៀត គ្រាដែលប្រពន្ធដើម នៅមិនទាន់បានលែងលះនៅឡើយ។
យោងតាមប្រភពពីមន្ត្រីសាលាឃុំកាហែង បានឱ្យដឹងថាលោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានមកស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវដែលមានការបញ្ជាក់ពីភាពពោះម៉ាយ ដោយលោកចៅសង្កាត់បឹងសាឡាង និង មានទីលំនៅភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោក ង៉ាម រី បានពាក្យស្នើចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយប្តូរពីឈ្មោះដើមមកឈ្មោះ ឃុត វឌ្ឍនា រស់នៅភូមិខ្នរ ឃុំព្រែលាប ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវរៀបការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅផ្ទះខាងស្រីភូមិស្រែថ្នល់ សង្កាត់កណ្ដោលដុំ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយកូនស្រីឈ្មោះ ឃិន ស្រស់ មុខរបរ លក់ដូរ។
មន្ត្រីសាលាឃុំកាហែង ក៏បានបញ្ជាក់ផងដែរថា ចំពោះសំណើរសុំការចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ អាជ្ញាធរឃុំក៏បានសម្រេចឯកភាពជូនសាម៉ីខ្លួនទាំងពីរហើយដែរ។ ពាក់ពន្ធ័នឹងការក្លែងឯកសារដើម្បីរៀបការប្រពន្ធថ្មី ប្រពន្ធដើមរបស់លោក ង៉ាម រី មិនបានធ្វើការអធិប្បាយនោះទេ គ្រាដែល អ្នកសារព័ត៌មាន ទាក់ទងសុំការបំភ្លឺ តែលោកស្រីគ្រាន់តែបាននិយាយយ៉ាងខ្លីថា លោកស្រីកំពុងតែធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ហើយរឿងរ៉ាវយ៉ាងណា លោកស្រីនឹងប្រាប់នៅពេលក្រោយ។
ជុំវិញករណីនេះដែរ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងតាមទូរសព្ទ័នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះថា រឿងលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការ រងរៀបការនោះលោកមិនបានដឹងទេ ពីព្រោះគេមិនបានប្រាប់លោកឡើយ ហើយក៏មិនបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីពិសារភោជនាហារនាថ្ងៃនោះដែរ។ មួយវិញទៀត គ្មានមន្ត្រីនគរបាលណាម្នាក់ដែលបម្រើការងារក្នុងអង្គភាពនិងជាកូនចៅផ្ទាល់របស់លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា ត្រូវបានហៅឬអញ្ជើញឱ្យចូលរួមដែរ ហើយចំពោះករណីនេះរូបលោកក៏មិនអាចបកស្រាយដែរ ដោយលោកស្នងការគ្រាន់តែបានបញ្ជាក់យ៉ាងខ្លីថា មកទល់រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ប្រពន្ធដើមលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងបានមកដាក់ពាក្យប្តឹងជាផ្លូវការហើយដើម្បីទប់ស្កាត់ពិធីមង្គលការខាងលើ។ ជាមួយនឹងដំណឹងរៀបការរបស់លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ឬលោក ឃុត វឌ្ឍនា អ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺបានទេ ដោយទូរសព្ទចូលច្រើនដងមិនមានអ្នកទទួល ។
មហាជនបានដាក់ការងឿងឆ្ងល់ថា បើលោកពិតជារៀបការស្រប តាមច្បាប់មែន ចាំបាច់អីក្លែងឈ្មោះ ង៉ាម រី ទៅជាឈ្មោះ ឃុត វឌ្ឍនា និងក្លែងទីលំនៅថែមទៀត មិនតែប៉ុណ្ណោះសូម្បីតែមន្ត្រីក្នុងខេត្តក៏លោកមិនបានហៅនរណាម្នាក់ឡើយ រួមទាំងស្នងការដែលជាមេកើយផងដែរ។
មហាជនកំពុងរងចាំមើលថា តើពិធីអាពាហ៍ពិពាហ៍អាចដំណើរទៅបានដោយរលូនដែរឬយ៉ាងណា ហើយភរិយាដើមអាចបំពេញបំណងស្វាមីដែលជាឧត្តមសេនីយ៍ស្នងការរងនេះបានដែរឬទេ៕