មិនសរសើរ មិនបាន! ចុះអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវរដូវប្រាំងជូនប្រជាកសិករ ក្នុងភូមិសាស្ត្រស្រុកមង្គលបុរី

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្រុមការងារ នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានបន្តចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំង ដែលកំពុងប្រឈមនឹងការខ្វះទឹក ក្នុងឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

បើតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះ ក្រុមការងារមន្ទីរ និងអាជ្ញាធរភូមិឃុំបានបន្តបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករចំនួន ២១៥ហិកតា ដែលកំពុងប្រឈមនឹងខ្វះទឹក ដែលក្នុងនោះស្រូវប្រាំងចំនួន ១១៥ ហិកតា ស្ថិតនៅភូមិស្រណាល និងភូមិឆ្នើមមាស និងចំនួន ១០០ហិកតា ស្ថិតក្នុងភូមិចែកអង្ករ ក្នុងភូមិសាស្ត្រឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ក្រុមការងារបញ្ជាក់ថា កិច្ចការអន្តរាគមន៍គឺបូមទឹកពីដៃអូរ ស្ទឹងមង្គលបុរី និងដៃទន្លេ ដើម្បីយកទឹកមកបម្រើការងារស្រោចស្រពស្រូវរដូវប្រាំងដែលជួបបញ្ហាខ្វះទឹក ដោយប្រើម៉ាស៊ីនកម្លាំង ៦៥សេះ ចំនួន ៤គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close