ប៉េអឹម និង ប៉ូលិស បង្ក្រាប ក្រុមក្មេងស្ទាវ ដែលតែងតែធ្វើសកម្មភាពគប់ផ្ទះ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងកាប់ចាក់គ្នា យ៉ាងអនាធិបតេយ្យ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ
ខេតត្តកណ្តាល៖ ក្រុមក្មេងស្ទាវ ដែលតែងតែធ្វើសកម្មភាពគប់ផ្ទះ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងកាប់ចាក់គ្នា យ៉ាងអនាធិបតេយ្យ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ស្រុកស្អាង ត្រូវបានកងរាជអាវុធហត្ថខេត្តកណ្តាលនិងនគរបាលខេត្តកណ្តាល បើកកិច្ចសហប្រតិបត្តិការរួមគ្នាស្រាវជ្រាវឈានដល់ការបង្ក្រាបមុខសញ្ញាបានភ្លាមៗក្រោយពីធ្វើសកម្មភាព។
អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងអនុវត្តតាមប្រសាសន៏ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកមានការយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែដាស់តឿនក្រើនរម្លឹក ដល់មេបញ្ជាការ គ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្មេងទំនើងជាដើម។ ពិសេសអនុវត្តន៏តាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»
*លើកទី១ ករណីយកដាវ ដុំថ្ម ដំបង ជំពាមកៅស៊ូ ទៅកាប់ បាញ់ផ្ទះជនរងគ្រោះ ឈ្មោះ វិន សាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរជាងជុសជុលម៉ូតូ ស្ថិតលើផ្លូវជាតិ21A ភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅវេលាម៉ោង ១៤:១៤នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។
*លើកទី២ ករណីយកកាំបិតកាប់ម៉ូតូ ម៉ាក Scoopy ពណ៌ទឹកបុិច បណ្តាលឲ្យខូចខាត បែកកញ្ចក់កុងទ័រ កញ្ចក់មើលក្រោយខាងឆ្វេង និងកន្ទុយខាងក្រោយ របស់ជនរងគ្រោះ ឈ្មោះ ទី គីមឃាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សសាលា ទីលំនៅបច្ចុប្បន្ន ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅវេលាម៉ោង១៤:៣៥នាទី ថ្ងៃ១៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចតារាងបាល់ទះ ស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្រោយពីទទួលបាននូវព័ត៌មានរឿងហេតុខាងលើភ្លាមលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងលោក ឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាប់ដៃគ្នា បញ្ជាកម្លាំងជំនាញពាក់ព័ន្ធដោយផ្ទាល់ និងបានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់ ឲ្យលោក ឧត្តមសេនីយ៌ត្រី ឡាក់ ម៉េងធី ស្នងការរង ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងលោក វរៈសេនីយ៌ឯក ទូច អុីណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល សហការចាប់ដៃគ្នា ចុះដឹកនាំដោយផ្ទាល់កម្លាំងទាំងពីរស្ថាបន័ឲ្យបើកកិច្ចសហប្រតិបត្តិការ ស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនមុខសញ្ញា ដែលធ្វើសកម្មភាពយកដាវ កាំបិត ដុំថ្ម ដំបង ជំពាមកៅស៊ូ ទៅប្រព្រឹត្តអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងធ្វើសកម្មភាពកាប់ ចាក់គ្នាក្នុងមូលដ្ឋានក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្តាល កន្លងមកឲ្យបានជាដាច់ខាត។ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។
គួបផ្សំនឹងឆន្ទៈ តស៊ូ ព្យាយាម សាមគ្គី សហការគ្នា រវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាលផងនោះ កម្លាំងយើងទាំងពីរស្ថាបន័ កំណត់បាននូវមុខសញ្ញាធ្វើសកម្មភាព ឈានដល់ការបើកកិច្ចសហប្រតិបត្តិការរួមគ្នា ឃាត់ខ្លួនជនសង្សយ័បានចំនួន ១១នាក់ នាថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៤ ជាបន្តបន្ទាប់ដូចខាងក្រោម :
១- ឈ្មោះ វីរៈរាជ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល ។ អ្នកជិះ ម៉ូតូHONDA Dream C125 ពណ៌ខ្មៅ ពីក្រោយ។
២- ឈ្មោះ សង្ហា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ឃុំព្រែកគយ ស្រុកស្អាង ខេត្កកណ្ដាល។ អ្នកឌុបជិះម៉ូតូHONDA Dream C125 ឆ្នាំ២០២២ ពណ៌ខ្មៅ អ្នកធ្វើសកម្មភាព។
៣- ឈ្មោះ ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ឃុំព្រែកគយ ស្រុកស្អាង ខេត្កកណ្ដាល ។ អ្នកឌុបជិះ HONDA Dream C125 ឆ្នាំ2022 ពណ៌ខ្មៅ ។
៤- ឈ្មោះ សុខលាភ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ឃុំព្រែកគយ ស្រុកស្អាង ខេត្កកណ្ដាល ។អ្នកជិះម៉ូតូ Scoopy ពណ៌ស ពីក្រោយ។ អ្នកជិះម៉ូតូ Scoopy ពណ៌ស ពីក្រោយ។
៥- ឈ្មោះ ម៉េងគីម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ ជាងជួសជុលទូរស័ព្ទ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្កកណ្ដាល ។ម៉ូតូមួយជិះគ្នាបីនាក់ (អង្គុយកណ្តាល ) អ្នកកាន់ជំពាមកៅស៊ូ។
៦- ឈ្មោះ ប៉ោលីឃាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ឃុំស្វាយក្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ បើកម៉ូតូ HONDA Dream C125 ឆ្នាំ២០១២ ពណ៌ខ្មៅ។
៧- ឈ្មោះ ម៉េងហុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ឃុំព្រែកគយ ស្រុកស្អាង ខេត្កកណ្ដាល ជិះម៉ូតូមួយគ្នាពីរនាក់ អង្គុយក្រោយ ជាអ្នកគប់ដុំថ្ម ។
៨- ឈ្មោះ វណ្ណា ហៅញ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល ។
៩- ឈ្មោះ សុបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល ។ អ្នកបើកម៉ូតូ HOND Dream C125 ផលិតឆ្នាំ២០២៤ ។
១០- ឈ្មោះ ជីមិញ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ឃុំស្វាយក្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ អង្គុយក្រោយ ជាអ្នកគប់ដុំថ្ម ។
១១- ឈ្មោះ រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។បើកម៉ូតូ HONDA Dream C125 ពណ៌ស ។
* វត្ថុតាងបន្សស់ទុកនៅកន្លែងកើតហេតុមានដុំថ្មចំនួន ០៤ដុំ និងដែកទីបចំនួន ០១កំណាត់ ។
តាមការធ្វើតេស្តពិនិត្យរកសារធាតុញៀនជនសង្ស័យដែលឃាត់ខ្លួនទាំង ១១នាក់ខាងលើ ពុំមានសារធាតុញៀនឡើយ។ ចំណែកជនដៃដល់និងបក្ខពួកធ្វើសកម្មភាពមួយចំនួនទៀតដែលរត់គេចខ្លួន សមត្ថកិច្ចយើងកំពុងស្វែងរុករកចាប់ខ្លួនបន្តទៀត។
**ដំណើររឿងហេតុ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤:១៤នាទី មានជនសង្ស័យមួយក្រុម ជិះម៉ូតូ ១០គ្រឿង ប្រដាប់ដោយដាវ កាំបិត ដុំថ្ម ជំពាមកៅស៊ូ
បាននាំគ្នាជិះម៉ូតូធ្វើសកម្មភាពគប់ដុំថ្មចំនួន ០៤ដុំចូលផ្ទះជនរងគ្រោះជាងជួសជុលម៉ូតូ រួចក៏ជិះម៉ូតូបំបែកគ្នាជាក្រុម បន្តដំណើរទៅស្ពានកោះអន្លង់ចិន ក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដល់ចំណុចតារាងបាល់ទះ ឈ្មោះ យ៉ីម ផានីន (គេចខ្លួន) បានចុះទៅកាប់និងវាយម៉ូតូ ០១គ្រឿង ម៉ាក Scoopy ពណ៌ទឹកប៊ិក របស់ជនរងគ្រោះឈ្មោះ គីមឃាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សសាលា ទីលំនៅបច្ចុប្បន្ន សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្រោយធ្វើសកម្មភាពរួចពួកគេនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ១១នាក់ខាងលើ បានសារភាពថា ៖ ពួកគេពិតជាបាននាំគ្នាជិះម៉ូតូចេញពីសាលាវិទ្យាល័យស្អាងទៅតាមឈ្មោះ ហុង (ធំ) ហើយធ្វើសកម្មភាពយកដុំថ្មគប់និងបាញ់ជំពាមកៅស៊ូ ទៅលើផ្ទះជនរងគ្រោះឈ្មោះ សាវុធ ជាងជួសជុលម៉ូតូ និងយកកាំបិតកាប់ម៉ូតូជនរងគ្រោះឈ្មោះ គីមឃាង ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង ១១នាក់ និងបក្ខពួកដែលរត់គេចខ្លួន ត្រូវបានសមត្ថិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធី៕