សេចក្ដីចម្លងសំបុត្រអត្រានុកូលដ្ឋាន ខុសពីការបញ្ជាក់ចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង ៖ សេចក្ដីចម្លងសំបុត្រអត្រានុកូលដ្ឋាន (សំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព) ខុសពីការបញ្ជាក់ចម្លងត្រឹមត្រូវតាមច្បាប់ដើម (នីត្យានុកូលកម្ម) លើសញ្ញាបត្រ អត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ។ល។

ការបញ្ជាក់ចម្លងត្រឹមត្រូវតាមច្បាប់ដើម (នីត្យានុកូលកម្ម) លើសញ្ញាបត្រ សៀវភៅគ្រួសារ ឬអត្តសញ្ញាណប័ណ្ណ លោកអ្នកគ្រាន់តែថតចម្លង (photocopy) ហើយយកទៅបញ្ជាក់ដោយភ្ជាប់ឯកសារច្បាប់ដើមនៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌណាក៏បានដែលនៅជិត (សម្រាប់សញ្ញាត្របរិញ្ញាបត្រចុះ) និងនៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត (សម្រាប់សញ្ញាបត្រអនុបណ្ឌិតក្នុងប្រទេសឡើងទៅ )។

សេចក្ដីចម្លងសំបុត្រអត្រានុកូលដ្ឋាន មិនមែនយក សំបុត្រអត្រានុកូលដ្ឋាន ច្បាប់ដើមទៅថតចម្លង ហើយទៅបញ្ជាក់ទេ គឺយើងអាចស្នើសុំសេចក្ដីចម្លងសំបុត្រអត្រានុកូលដ្ឋាន នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌដែលយើងបានចុះ និងតម្កល់ទុកគល់បញ្ជី ឬនៅនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (ករណីឆ្លងឆ្នាំ) និងស្នើសុំសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋាន នៅឃុំ សង្កាត់ (ករណីការចុះបញ្ជីក្នុងឆ្នាំអនុវត្ត)។

សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។

សូមអរគុណ

អត្ថបទដែលជាប់ទាក់ទង
Open

Close