សង្ស័យ អាងយ័ន្ត ធំៗ បិទលើកញ្ចក់ឡាន ទើបហ៊ានដឹកម្លឹងៗ

ត្បូងឃ្មុំ ៖ នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្តម គឹម សាន់ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារចល័តចម្រុះ ព្រមទាំងសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ ៣៧៣A ត្រង់ចំណុចគ.ម ០៣+៥០០ ក្នុងភូមិពពែក ឃុំពពែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុប ១៤គ្រឿង ក្នុងនោះរថយន្តដឹកលើសទម្ងន់ចំនួន ០៥គ្រឿង បានដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី ០៧-២២ តោន។  ដោយឡែក មានរថយន្ត ០៣គ្រឿងដែលបានដឹកលើស ២០% នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹងលេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ជាថ្មីម្តងទៀត ក្រសួងសូមក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ជាថ្មីម្តងទៀតថា ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ។ 

អាស្រ័យហេតុនេះ សូមចូលរួមអនុវត្តទាំងអស់គ្នាឱ្យបានខ្ជាប់ខ្ជួន។

គួររំលឹកផងដែរថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យម្ចាស់រថយន្ដដឹកជញ្ជូនទាំងអស់ ដឹកឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ជៀសវាងដឹកលើសទម្ងន់ ហើយកុំប្រើយ័ន្ដបិទតាមកញ្ចក់រថយន្ដ ដែលជាឈ្មោះបុគ្គល ឬក្រុមហ៊ុនណាមួយនោះ ខ្លាំងពេក។

ការស្នើនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ ៥ (ព្រែក ក្តាម-បាត់ដំបង) និង បើកការដ្ឋានកំណាត់ផ្លូវជាតិលេខ ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close