ភ្នំពេញ៖ ពិធីបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” រៀបចំឡើងពោរពេញដោយអត្ថន័យ និងអត្ថរូប ព្រមទាំងវប្បធម៌ចម្រុះដ៏សម្បូរបែប ដោយមានការសម្តែងនូវផ្ទាំងទស្សនីយភាពសិល្បៈរួមគ្នា ការបញ្ចាំងវីដេអូមិត្តភាពកម្ពុជា-ចិន រួមជាមួយ ការទូងស្គរប្រកាសបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិ ក្រុមសិល្បៈ តារាល្បីៗ វិនិយោគិន អ្នកទេសចរកម្ពុជា-ចិន សរុបជាង ១,០០០នាក់ ។
ការណ៍នេះ បានបង្ហាញពីទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរ បានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ មិនតិចជាងពីរសហវត្សរ៍នោះទេ គិតចាប់ពីដំណើរទស្សនកិច្ចរបស់រាជទូតចិនមកកម្ពុជាលើកដំបូងក្នុងសម័យហ្វូណន។
កម្ពុជា-ចិន ក៏បានបន្តពង្រឹង និងពង្រីកចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងថ្នាក់ដឹកនាំប្រទេសទាំងអស់ រហូតអាចលើកកម្ពស់ទំនាក់ទំនងនេះទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ចាប់តាំងពីឆ្នាំ២០១០មក ។