ភ្នំពេញ ៖ លោក ខេង យ័ន អតីតអភិបាលក្រុងកែប នៅព្រឹកថ្ងៃទី១៤ ខែមករានេះ ត្រូវ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យសុធី បូរ៉ាឆាត សម្រេចឃុំខ្លួនក្រោមបទចោទ «រំលោភអំណាច និងបទសម្អាតប្រាក់» ។
លោកខេង យ័ន ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅតុលាការ នារសៀល ថ្ងៃទី១៣ ខែមករា ហើយក៍ត្រូវបានតំណាងអយ្យការចោទប្រកាន់២បទល្មើស ទី១ គឺបទ រំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ និងមាត្រា ៣ ហើយនិងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ពោលពាក់ព័ន្ធលុយពុករលួយជាង២០ម៉ឺនដុល្លារ ។
លោក ខេង យ័ន ត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ខណៈហៅមកបំភ្លឺម្ដងទៀត ។ បន្ទាប់មកនៅថ្ងៃសុក្រ ទី១២ ខែមករា ក៍ត្រូវនាយករដ្ឋមន្រ្តី បញ្ចប់មុខតំណែងជាផ្លូវការ ដោយសារតែប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែមករា បានប្រាប់សារព័ត៌មាន ថា អតីតអភិបាលក្រុងកែប លោក ខេង យ័ន នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែមករា ត្រូវបានបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញ ពាក់ព័ន្ធការរំលោភអំណាច និងការសម្អាតប្រាក់ ពោលពាក់ព័ន្ធលុយជាង២០ម៉ឺនដុល្លារ ។
បើតាម លោក សយ ច័ន្ទវិចិត្រ លោក ខេង យ័ន ត្រូវACU រកឃើញថា ជាប់ពាក់ព័ន្ធលុយពុករលួយអំឡុងឆ្នាំ២០២៣ ទឹកប្រាក់ជាង២០ម៉ឺនដុល្លារជាថ្នូរនឹងការជម្រិតទារក្នុងនាមលោកជាមន្រ្តីរាជការ និងយកលុយបានពីអំពើពុករលួយទៅធ្វើអ្វីផ្សេង ។ ទោះជាយ៉ាងណា ករណីនេះមិនជាប់ពាក់ព័ន្ធអ្នកផ្សេងឡើយ ។ នេះបើតាមអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ បញ្ជាក់បន្ថែម ។
សូមជម្រាបថា លោក ខេង យ័ន និងនាយករដ្ឋបាលក្រុង លោក អ៊ិន ហ៊ុន អង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ឃាត់យកទៅសាកសួរជាលើកទី១ កាលពីម៉ោងជាង១១ព្រឹក ថ្ងៃទី២ ខែមករា ។
ក្រោយមកនៅព្រលប់ថ្ងៃដដែល លោកក៍ត្រូវបានអនុញាតិ ឱ្យត្រលប់ទៅផ្ទះវិញ រហូតអាជា្ញធរក្រុង និងខេត្តប្រកាសថា មិនមានការឃាត់ខ្លួន លោក ខេង យ័ន ឡើយ ឬនិយាយម្យ៉ាងទៀតថា ឃាត់ច្រលំ ៕