អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវ ប្រធានការិយាល័យលេខាក្រុមប្រឹក្សា ស្រុកកៀនស្វាយ សូមចូលខ្លួនមកបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់
ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យបុរសម្នាក់ឈ្មោះ ពិសិដ្ឋ រតនា អាយុ៣១ឆ្នាំ មុខរបរ ប្រធានការិយាល័យលេខាក្រុមប្រឹក្សា ស្រុកកៀនស្វាយ សូមចូលខ្លួនមកបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលវេលាម៉ោង២១និង៤០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចបុរីហាយធិចចំប៉ាក្បាលកោះ លើផ្លូវលេខជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រវាងរថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 និងរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915។
ក្នុងហេតុការណ៍នេះបណ្តាលឱ្យរថយន្តទាំង២គ្រឿងខូចខាតធ្ងន់ ក្នុងនោះភាគីរថយន្តម៉ាក Lexus ជិះក្នុងរថយន្ត៥នាក់ ប្រុស៣នាក់ ស្រី២នាក់ បណ្តាលឱ្យ ស្លា ..;ប់ ០២នាក់ប្រុស ចំណែកស្រី០២នាក់ របួសធ្ងន់ និងស្រាល ចំនួន១នាក់ ប្រុស ហើយអ្នកដែលរបួសស្រាលប្រុសនេះ សង្ស័យជាអ្នកបើកបររថយន្ត Lexus ដែលមានឈ្មោះដូចខាងលើ។
ការអំពាវនាវឱ្យសាម៉ីខ្លួនមកបំភ្លឺគឺដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើការសួរនាំមួយចំនួនជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ដោយសារតែអ្នករងរបួសធ្ងន់២នាក់នោះកំពុងសង្គ្រោះនៅមន្ទីរពេទ្យមិនអាចផ្តល់ព័ត៌មានមកសមត្ថកិច្ចបានទេ។ ក្នុងហេតុការណ៍នេះអ្នកបើករថយន្តម៉ាក Toyota Camry មិនបានគេចខ្លួននោះទេ ហើយបន្ទាប់មកត្រូវបានសមត្ថកិច្ចជំនាញនាំអ្នកបើកបររថយន្តម៉ាក Toyota Camry មកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។ ក្នុងនោះសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើផងដែរ៕