អភិបាលខេត្តកំពង់ឆ្នាំង ៖ វិធានការបង្ការបង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវបានបន្តជំរុញយ៉ាងសកម្មផុលផុស ស្របតាមផែនការ នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមព្រះរាជអាជ្ញា ប្រធានសាលាដំបូង អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ស្នងការ មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ មេបញ្ជាការកងកម្លាំងឈរជើងក្នុងភូមិសាស្ត្រខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាល អភិបាលរងក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាព មន្ត្រីរាជការសាលាខេត្ត តំណាងអង្គការដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំកងកម្លាំងក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្ត សរុបចំនួន ៥៩១នាក់។

សុន្ទរកថា ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានសំដែងនូវភាពសោមនស្សរីករាយយ៉ាងក្រៃលែង ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យឆ្លុះបញ្ចាំងនូវវឌ្ឍនភាពការងារលើគ្រប់វិស័យរបស់រដ្ឋបាលខេត្ត ដោយរកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម បទពិសោធន៍ល្អៗ និងដំណោះស្រាយដែល បានអនុវត្តរយៈពេល ១ឆ្នាំកន្លងទៅនេះ ដើម្បីដកបទពិសោធន៍សម្រាប់បន្តអនុវត្តឱ្យបានល្អប្រសើរនាឆ្នាំខាងមុខ ក្នុងគោលបំណងរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម របៀបរៀបរយជូនប្រជាពលរដ្ឋទូទៅ ក៏ដូចជាប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត បានរស់នៅសុខដុមរមនា មានជីវភាពធូរធារកើនឡើង ជាលំដាប់ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ ស្របតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិលនៃមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អង្គភាពឈរជើង អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាន ធ្វើការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតួនាទី ភារកិច្ច តាមការកំណត់នៃច្បាប់ លិខិតបទដ្ឋាន ជាធរមាន ព្រមទាំងចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ធ្វើឱ្យខេត្តកំពង់ឆ្នាំងយើងបានទទួលនូវ សមិទ្ធផលធំៗថ្មីៗបន្ថែមទៀតលើគ្រប់វិស័យ ទាំងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានផ្ទេរ មុខងារពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការបង្ខិតសេវាសាធារណៈមកគៀកនឹងប្រជាពលរដ្ឋស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, ការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ, ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ការងារសង្គមកិច្ច និង ការកាត់បន្ថយភាពក្រីក្រ ដែលអាស្រ័យដោយមានការប្រឹងប្រែងយកចិត្តទុកដាក់ពីសំណាក់ សម្តេចនៅក្រោនទាំង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ កន្លងមកនេះ។

ផ្អែកលើមូលដ្ឋាន នៃការវាយតម្លៃបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយលើសមិទ្ធផល បទពិសោធន៍ដែលទទួលបាន និងបញ្ហា ប្រឈមដែលនៅសេសសល់ យើងនឹងរួមគ្នាធ្វើការកំណត់ទិសដៅការងារឆ្នាំ២០២៤ ដើម្បីបន្តអនុវត្តកម្មវិធី កំណែទម្រង់នានាក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការកត់សម្គាល់នូវសមិទ្ធផលសំខាន់ៗមួយចំនួន ដែលយើងរួមគ្នា ខិតខំពុះពារសម្រេចបានក្នុងឆ្នាំ២០២៣ កន្លងទៅ ៖

-ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ដោយមានការគាំទ្រ និងការចូលរួមពីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត បានរួមគ្នាការពារប្រព័ន្ធគ្រប់គ្រងប្រទេសតាមគោលការណ៍នៃលទ្ធិប្រជា ធិបតេយ្យ សេរីពហុបក្ស ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងធានាឱ្យ ខេត្តកំពង់ឆ្នាំងយើង បន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បន្ត ជំរុញដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

-ដោយមានកិច្ចសហការចូលរួមពីកងកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានតាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព យើងបានរួមគ្នាយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានាក្នុងខេត្តកាន់តែមានប្រសិទ្ធភាព ថែមទៀត។

-វិធានការបង្ការបង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវបានបន្តជំរុញយ៉ាងសកម្មផុលផុស ស្របតាមផែនការ នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល ជាមួយគ្នានេះ ការងារ បង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ សកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់បទល្មើស សេដ្ឋកិច្ចគ្រប់ប្រភេទ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏ដូចអនុវត្តយ៉ាងសស្រាក់សស្រាំ និងទទួល បានការគាំទ្រ ការចូលរួមកាន់តែច្រើនពីសាធារណជន។

ជាមួយគ្នានេះដែរ វឌ្ឍនភាពនៃដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានបង្កលក្ខណៈសម្បត្តិដល់ រដ្ឋបាលខេត្ត ក្រុង ស្រុក កាន់តែមានលទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបតម្រូវការរបស់មូលដ្ឋាន ដែលជួយពង្រឹងគណនេយ្យភាពរបស់ក្រុមប្រឹក្សា រដ្ឋបាលខេត្ត ក្រុង ស្រុក ជាមួយប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

អត្ថបទដែលជាប់ទាក់ទង
Open

Close