មនុស្សមួយក្រុមដែលអះអាងថាសកម្មជនមាតាធម្មជាតិ បានធ្វើសកម្មភាពខុសច្បាប់បង្កប៉ះពាល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា: នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ មានមនុស្សមួយក្រុមដែលអះអាងថាសកម្មជនមាតាធម្មជាតិ បានធ្វើសកម្មភាពខុសច្បាប់បង្កប៉ះពាល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។
ការធ្វេីសកម្មភាពនេះមិនបានជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច ស្របតាមនីតិវិធីច្បាប់ឡេីយ។ ដោយឃើញសកម្មភាពអាណាធិបតេយ្យបែបនេះ សមត្ថកិច្ចបានអញ្ជើញពួកគាត់មកធ្វើការសាកសួរហេីយក្នុងចំណោមពួកគេក៏មានជនបរទេសម្នាក់ចូលរួមជាមួយ។ នៅចំពោះមុខសមត្ថកិច្ច ជនបរទេសរូបនេះក៏បានប្រាប់ពីហេតុការណ៍ដែលគាត់បានចូលរួមជាមួយដោយក្រុមនេះបានកុហកថានៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ មានការជួបជុំគ្នានៅចំណុចសួនហាត់ប្រាណមាត់ទន្លេ ផ្លូវ១៥៤ កែងផ្លូវព្រះស៊ីសុវត្ថិ ដើម្បីចូលរួមហាត់ប្រាណជាមួយ ពួកគេពុំបានដឹងថា ពួកគេមានបំណងមកតវ៉ារឿងអ្វីនោះទេ។លុះដល់វេលាម៉ោង០៩:៣០នាទី ថ្ងៃដដែល សមត្ថកិច្ចបាននាំខ្លួនជនបរទេសនោះនិងក្រុមយុវជនទាំងអស់នេះមកសាកសួរ។
ជាមួយនោះមន្រ្តីនគរបាលអន្តោប្រវេសន៍បានសាកសួរតាមនីតិវីធីអន្តោប្រវេសន្តរួចហើយ សាម៉ីខ្លួនក៏បាន ធ្វើលិខិតសុំទោសទទួលស្គាល់កំហុស កែប្រែបញ្ចប់ការទំនាក់ទំនងជាមួយក្រុមនេះទៀតនៅចំពោះមុខសមត្ថកិច្ច និងបានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសដើមខ្លួនវិញនៅថ្ងៃខាងមុខដោយខ្លួនឯង។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់ជនបរទេសដែលមកទេសចរណ៍ ឬមកធ្វើការងាររកស៊ីស្របច្បាប់នៅព្រះរាជាណាចក្រកម្ពុជា សូមមេត្តាប្រុងប្រយ័ត្នកុំចូលរួមសកម្មភាពណាមួយជាមួយក្រុមជាប់បំរាមតុលាការ ដែលធ្វើឲ្យខ្លូនចាញ់បោកក្រុមនេះដោយមិនដឹងខ្លួន ឬអាចប្រឈមនឹងផ្លូវច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕