សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បន្តយុទ្ធនាការដោះស្រាយភាពកកស្ទះសំណុំរឿងដូចភ្លៀងរលឹមដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង០៤ លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ
ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សេង លាង ប្រធានសាលាដំបូងខេត្ត និងឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងមានការចូលរួមពីសំណាក់លោកអនុប្រធានសាលាដំបូង លោក លោកស្រីចៅក្រម លោកព្រះរាជអាជ្ញារង លោកចៅក្រមកម្មសិក្សា លោកស្រីប្រធាន-អនុប្រធានលេខាធិកាដ្ឋានរដ្ឋបាល លោកអាជ្ញាសាលា ក្រឡាបញ្ជី លោកស្រីប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងលោក/លោកស្រី និងនាងកញ្ញា ដែលជាមន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។
បន្ទាប់ពីបើកសន្និបាតដោយ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាបានធ្វើការចាប់អារម្មណ៍ និងប្រកាសបើកសន្និបាតដោយជម្រុញឲ្យមានការយកចិត្តទុកដាក់ស្តាប់របាយការណ៍ និងចូលរួមពិភាក្សាឲ្យបានផុលផុស។ បន្ទាប់មកលោក រឿន លីណា ប្រធានលេខាធិការដ្ឋានរដ្ឋបាល បានឡើងអានរបាយការបូកសរុបជូនអង្គប្រជុំដើម្បីពិនិត្យ និងសម្រេច។ បន្ទាប់ពីបានពិភាក្សាកែសម្រួលរបាយការណ៍ខាងលើ និងពិភាក្សាលម្អិតលើបញ្ហាប្រឈមនានាមុនធ្វើការអនុម័តលើខ្លឹមសាររបាយការណ៍។
បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីលទ្ធផលសម្រេចបាននូវការអនុវត្តការងារឆ្នាំ២០២៣ និងកិច្ចពិភាក្សាពីបញ្ហានានា ក្នុងអង្គសន្និបាតរួចមក ឯកឧត្តម សេង លាង ប្រធានសាលាដំបូង បានធ្វើការបូកសរុបលទ្ធផល និងផ្តល់អនុសាសន៍ ដើម្បីដោះស្រាយបញ្ហាដែលកើតមានកន្លងមក ព្រមទាំងលើកទិសដៅសម្រាប់អនុវត្តការងារឆ្នាំ២០២៤ មានដូចជា៖
1-ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបង្កើនកិច្ចសហការអោយបានជិតស្និទថែមទៀតរវាងចៅក្រម ព្រះរាជអាជ្ញារង និងមន្ត្រីលេខាធិការដ្ឋានដើម្បីជម្រុញអោយការបំពេញការងារកាន់តែមានប្រសិទ្ធភាពថែមទៀត។
2-យកចិត្តទុកដាក់លើកសំណើទៅក្រសួងដើម្បីដោះស្រាយបញ្ហាប្រឈមនានាដូចជាបញ្ហាកង្វះខាតកន្លែង ស្នាក់នៅរបស់មន្ត្រីសាលាដំបូង អ្នកបកប្រែភាសារបរទេស មេធាវីក្រីក្រ និងទីតាំងសម្រាប់សាងសង់ឃ្លាំងដាក់វត្ថុតាង។
3-បន្តយុទ្ធនាការដោះស្រាយភាពកកស្ទះសំណុំរឿងដូចភ្លៀងរលឹមដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង០៤ លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ។
4-ផ្តោតការយកចិត្តទុកដាក់លើបទល្មើសហានិភ័យមួយចំនួន ដូចជាបទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស បទល្មើសឆបោកដោយអង្គការចាត់តាំង បទល្មើសជួញដូរសត្វព្រៃ និងព្រៃឈើ និងបទល្មើសពុករលួយ ជាដើមដោយធ្វើការស៊ើបអង្កេតតំណាលគ្នានូវសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់។
5-ករណីមានការចោទប្រកាន់បទល្មើសសម្អាតប្រាក់ត្រូវចាត់វិធានការឃាត់ទុក និងបង្កកទ្រព្យដែលត្រូវ បានសង្ស័យថាជាផលនៃបទល្មើសអោយបានឆាប់ និងទាន់ពេលវេលាចៀសវាងមានការចាត់ចែងទ្រព្យដោយជនល្មើស។
6-ករណីបទល្មើសគ្រឿងញៀនត្រូវយកចិត្តទុកដាក់ធ្វើការចោទប្រកាន់ និងបញ្ជូនទៅជម្រះដោយកំណត់អោយបានច្បាស់លាស់នូវមាត្រា និងកថាខណ្ឌនីមួយៗដើម្បីមានភាពងាយក្នុងការចំណាត់ការឿងក្តី។
7-បញ្ហាទាក់ទងសាវតាជាតិរបស់ជនជាប់ចោទ គួរពិនិត្យលក្ខខណ្ឌអប្បបរិមាដូចមានចែងក្នុងមាត្រា ៤៦៥ (អត្តសញ្ញាណនៃជនជាប់ចោទ កាលបរិច្ឆេទ និងទីកន្លែងកំណើតនៃជនជាប់ចោទ លំនៅដ្ឋាននៃជនជាប់ចោទ)នៃក្រមនីតិវិធីព្រហ្មទណ្ឌមុនធ្វើបញ្ជូនមកជំនុំជម្រះ។
8-ជម្រុញដោះស្រាយអោយបានឆាប់រហ័សនូវកង្វះខាតក្នុងការផ្តល់សាលក្រមដល់ តំណាងអយ្យការ ភាគី និងពន្ធនាគារ ដោយចៅក្រមទទួលបន្ទុកតាមបន្ទប់នីមួយៗត្រូវម្ចាស់ការក្នុងការផ្តល់អោយបានទាន់ពេលវេលាតាមខ្លឹមសារច្បាប់កំណត់។
9-ការពង្រឹង និងកែលម្អយន្តការដោះស្រាយវិវាទដែលអាចឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងរបស់សង្គមប្រកបដោយប្រសិទ្ធភាព និងយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យមើលភាពមិនប្រក្រតីនានាទាក់ទងចំណាត់ការ សំណុំរឿងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូង។
អង្គសន្និបាតបានបញ្ចប់នៅវេលាម៉ោង១២និង១០ នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងស្និទស្នាលជាទីក្រៃលែង ។