បុរសបើកបរម៉ូតូធំនៅលើផ្លូវល្បឿនលឿនដោយឥរិយាបទមិនសមរម្យ ត្រូវបានសមត្ថកិច្ចអញ្ជើញមកធ្វើការអប់រំណែនាំ ផាកពិន័យ និងចុះកិច្ចសន្យាហើយ!
ព្រះសីហនុ៖ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បុរសជនជាតិស្វីស ដែលបានបើកបរម៉ូតូធំនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ប្រចាំការលើផ្លូវល្បឿនលឿន នាំខ្លួនមកធ្វើការអប់រំណែនាំ ផាកពិន័យ និងចុះកិច្ចសន្យា បន្ទាប់ពីត្រូវបានប្រទះឃើញថា បុរសម្នាក់នោះ បានបើកបរម៉ូតូដោយភាពឆ្គាំឆ្គង(លើកជើងដាក់លើដៃចង្កូត) ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯងផ្ទាល់ និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃផងដែរ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមយកឱកាសនេះ ក្រើនរម្លឹកជាថ្មីអំពី លក្ខខណ្ឌនៃការប្រើប្រាស់ផ្លូវល្បឿនលឿន និងការចេញចូលគន្លងទាំង ៣ ប្រភេទ នៅលើផ្លូវល្បឿនលឿនឱ្យបានត្រឹមត្រូវ ដើម្បីគោលការណ៍សុវត្ថិភាព ការជួយកាត់បន្ថយការកកស្ទះ និងមិនចំណាយពេលរង់ចាំយូរ តាមរយៈតំណភ្ជាប់ខាងក្រោម ដើម្បីចូលទៅទស្សនាវីដេអូណែនាំ។
ក្រសួង សង្ឃឹមយ៉ាងមុតមាំថា បងប្អូនអ្នកបើកបរគ្រប់រូប នៅលើគ្រប់ប្រភេទផ្លូវថ្នល់ នឹងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកម្ពុជាមានអត្រាគ្រោះថ្នាក់ និងអត្រាបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ កាន់តែតិចទៅៗ ស្របតាមផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០២១-២០៣០ ដែលបានដាក់ចេញ និងផ្សព្វផ្សាយជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ៕