ក្រោយមានការបង្ហោះ ហ្វេសប៊ុក ថា «ប្រជាពលរដ្ឋមកស្នើសុំសេវា និងមានការទារយកកម្រៃលើសពីការកំណត់នៃច្បាប់» រដ្ឋបាលខណ្ឌ បំភ្លឺថា…!

ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ៖ កាលពីល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ មានគណនីហ្វេសបុកឈ្មោះ “Phon Sareth” បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដែល មានខ្លឹមសារថា “មានករណីប្រជាពលរដ្ឋមកស្នើសុំសេវា និងមានការទារយកកម្រៃលើសពីការកំណត់នៃច្បាប់” ។

ចំពោះករណីខាងលើនេះ រដ្ឋបាលខណ្ឌសែនសុខ សូមធ្វើការបំភ្លឺជូនសាធារណជនដូចខាងក្រោម៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោក ផុន សារ៉េត ដែលជាមន្ត្រីនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ បាន ជូនកូនមកស្នើសុំសេវានីត្យានុកូលកម្មលើ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ នៅរដ្ឋបាលខណ្ឌ សែនសុខ ប៉ុន្តែលោក ផុន សារ៉េត មិនបានទៅជួបមន្ត្រីការិយាល័យច្រកចេញចូលតែមួយដោយផ្ទាល់ទេ តែគាត់ បានជួបលោក ជា សំរិត ដែលជាមន្ត្រីជាប់កិច្ចសន្យា ទទួលធ្វើយានជំនិះនៅមុខសាលាខណ្ឌ ហើយក៏បានសួរនាំ និងពឹងពាក់លោក ជា សំរិត អោយរត់ការបញ្ជាក់ឯកសារខាងលើជូន ។ ក្រោយពីទទួលបានព័ត៌មាននេះពីលោក ផុន សារ៉េត រដ្ឋបាលខណ្ឌសែនសុខ បានស្រាវជ្រាវឃើញថា លោក ជា សំរិត មន្ត្រីកិច្ចសន្យារបស់រដ្ឋបាលខណ្ឌ ទទួលការងារសណ្តាប់ធ្នាប់នេះ ពិតជាបានប្រព្រឹត្តខុសយកម៉ោងពេលបំពេញការងាររត់ការក្នុងការផ្តល់សេវាដូច ការលើកឡើងខាងលើមែន ដូចនេះរដ្ឋបាលខណ្ឌបានអនុវត្តវិធានការរដ្ឋបាល ចំពោះលោក ជា សំរិត មន្ត្រីជាប់ កិច្ចសន្យា កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ រួចផងដែរ ។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌក៏បានជម្រាបជូន លោក ផុន សារ៉េត អំពីវិធានការ ដែលរដ្ឋបាលខណ្ឌបានអនុវត្តចំពោះលោក ជា សំរិត ហើយលោក ផុន សារ៉េត ក៏ បានបង្ហោះខ្លឹមសារបកស្រាយអំពីករណីនេះ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់វិញផងដែរ ។ ដើម្បីចៀសវាង កុំអោយមានការភ័ន្តច្រឡំមកលើការងារផ្តល់សេវារបស់ការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលខណ្ឌ សូម សាធារណជន មេត្តាឈប់បន្តផ្សព្វផ្សាយវីដេអូដែលមានខ្លឹមសារខាងលើ ព្រោះវាធ្វើអោយប៉ះពាល់ដល់ការ បំពេញភារកិច្ចត្រឹមត្រូវរបស់មន្ត្រីនៃការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងពាក់ព័ន្ធដល់ផ្លូវច្បាប់ផងដែរ ។

ទន្ទឹមនឹងនេះ ដើម្បីចៀសវាង និងបង្ការកុំអោយមានបញ្ហាដូចខាងលើកើតឡើងបន្តទៀត សូម បងប្អូន ប្រជាពលរដ្ឋ ដែលមានតម្រូវការប្រើប្រាស់សេវារដ្ឋបាល កុំពឹងពាក់អ្នករត់ការ សូមអញ្ជើញមកដោយផ្ទាល់ ជួប ជាមួយមន្ត្រីនៃការិយាល័យច្រកចេញតែមួយរបស់រដ្ឋបាលខណ្ឌ ដែលជាកន្លែងផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ។ ក្នុងករណីមានការទាមទារលើសការកំណត់ក្នុងលិខិតបទដ្ឋាន សូមមេត្តាផ្តល់ដំណឹងតាមរយៈហ្វេសប៊ុកផេកផ្លូវ ការរបស់រដ្ឋបាលខណ្ឌសែនសុខ ដែលមានឈ្មោះ “រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ” ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជនមេត្តាជ្រាបជាព័ត៌មាន ។

អត្ថបទដែលជាប់ទាក់ទង
Open

Close